(ភ្នំពេញ)៖ នាពេលថ្មីនេះ នៅក្នុងពិធីសំណេះសំណាលមួយជាមួយយុវជនបក្សខេត្ត លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ យុវជនបក្សប្រឆាំង ពាក់អាវពណ៌លឿងទាំងនោះ ខុសពីសព្វមួយដង ដូចជាមានបំណងដៀមដាមទៅឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ ហើយកំពុងរត់គេចខ្លួននៅក្រៅប្រទេសចំៗ និងយ៉ាងពេញទំហឹង។ ខាងក្រោមនេះគឺជាសម្តីរបស់លោក កឹម សុខា៖  

លោក កឹម សុខា បាននិយាយថា «នយោបាយខុសពីឆាកល្ខោន ពេលយកទៅលេងជាឆាកល្ខោន វាមិនមែនជានយោបាយពិតទេ គឺជានយោបាយសិប្បនិមិត្ត បើចូលប្រឡូកនយោបាយត្រូវតែប្រឡូកនយោបាយពិត មានន័យថា នយោបាយដែលអ្នកដឹកនាំហ្នឹងត្រូវមានចក្ខុវិស័យ មិនមែនធ្វើតាមខ្លួននឹកឃើញទេ មិនមែនធ្វើតាមអារម្មណ៍ទេ ត្រូវធ្វើតាមចក្ខុវិស័យ ធ្វើតាមគោលដៅកំណត់ ធ្វើតាមយុទ្ធសាស្ត្រ អាហ្នឹងបានគេហៅថា គេធ្វើនយោបាយពិត»។  ពាក្យខាង​លើនេះគ្រប់គ្រាន់នឹងថា ឱ្យលោក សម រង្ស៊ី ថាធ្វើនយោបាយសប្បនិម្មិតដូចលេងល្ខោន ព្រោះកន្លងមកទណ្ឌិត សម រង្ស៊ី ដឹកនាំបក្ស គ្មានចក្ខុវិស័យ ច្បាស់លាស់ គ្មានគោលដៅច្បាស់លាស់ និងគ្មានយុទ្ធសាស្ត្រវែងឆ្ងាយទាល់តែសោះ ដែលនាំឱ្យបក្សតូចតាចមួយ ដឹកនាំដោយមនុស្សឆ្លៀតឱកាសម្នាក់ មកដណ្តើមយកបាន​ដោយជោគជ័យ។ លោក សម រង្ស៊ី ចាប់ផ្តើមជីវិតនយោបាយតាំងពីមានបក្សខ្លួនឯង មានធនធានមនុស្សខ្លួនឯង ដោយសារមិនចេះគិតវែងឆ្ងាយ បានដើរដល់ផ្លូវទាល់ ត្រូវប្រគល់បក្សនិងធនធានបក្សឱ្យអតីតគូសត្រូវ កាន់កាប់ដោយស្វ័យប្រវត្តិ ហើយធនធានមនុស្ស និងមនុស្សជំនិតដែលធ្លាប់មាន ត្រូវបង្ខំចិត្តឱនក្បាលគោរពអតីតគូសត្រូវម្នាក់នោះទៀត។ ម៉្យាងទៀត សម រង្ស៊ី តែងតែដឹកនាំនយោបាយតាមអារម្មណ៍ឆេវឆាវ ដូចជាដឹកនាំធ្វើបាតុកម្មហិង្សាប្រឆាំង រដ្ឋាភិបាលឈ្នះឆ្នោតកាលពីឆ្នាំ២០១៣ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលជឿតាមស្លាប់អស់ជាច្រើននាក់។

លោក កឹម សុខាបានបន្តថា «អ្នកនយោបាយពីមុនសុទ្ធតែដូចគ្នាទេ ប៉ុន្តែអ្នកខ្លះមានឱកាស អ្នកខ្លះអត់ឱកាស អ្នកមានឱកាសចេះចាប់​ឱកាសគេឡើងមកប្រឹប​បាត់ តែអ្នកអត់ឱកាស មិនចេះចាប់ឱកាស នៅសូញសាញ អត់ចេញរួចទេនយោបាយ ធ្វើនយោបាយកុំសូញសាញពេក»។ មួយឃ្លានេះគឺចង់អួតខ្លួនឯងថា ចេះចាប់ឱកាស មិនដូចលោក សម រង្ស៊ី ជាមនុស្សមិនចេះចាប់ឱកាស ហើយសូញសាញដូចស្រីនោះទេ ព្រោះថ្មីៗនេះ លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាប់ទោសក្រោយ សម រង្ស៊ី ផងប៉ុន្តែចេះបន្ទន់ឥរិយាបទ បត់បែនតាមកលៈទេសៈ ហើយចេះទទួលយកឱកាស ទើបរួចខ្លួន ម្យ៉ាងទៀតថែមទាំងដណ្តើមបានសម្រេចតំណែង ជាប្រធានក្រុមមតិភាគតិច ជាតំណែងចាស់របស់ សម រង្ស៊ី ដែលខិតខំយ៉ាងខ្លាំងទើបបានកាន់តំណែងនេះ។

លោក កឹម សុខា បានបន្តវាយប្រហារថា «ខ្ញុំប្រាប់បងប្អូនតាំងពីយូរហើយ ប៉ុន្មានខែមុន ខ្ញុំបានប្រាប់ថា កុំឈ្លោះ កុំឆ្លើយ កុំឆ្លង នាំគ្នាថា កឹម សុខា កំសាក, ការព្យាយាមអំណត់ជាកត្តាសំខាន់ នេះជាចំណុចជារបៀប ជាទស្សនៈដែលខ្ញុំធ្វើ ក្រៅពីអហិង្សាមិនត្រូវគុំគួន សងសឹកគ្នា កុំមាននៅក្នុងចិត្ត ក្នុងបេះដូង ក្នុងការនិយាយស្តី កាត់បន្ថយឱ្យអស់ ឱ្យចេញឆ្ងាយ ឱ្យតិចបំផុត នូវកាគុំគួនសងសឹកគ្នា ការគុំគួនសងសឹកគឺរកទីបញ្ចប់នៃសេចក្តីទុក្ខមិនឃើញទេ»

មូលហេតុដើមដែលទណ្ឌិត សម រង្ស៊ី មានទោសជាប់ខ្លួនជាច្រើនករណី គឺព្រោះតែគាត់ដឹកនាំបក្ស និងធ្វើសកម្មភាពដោយយក គំនុំ គំគួន និងការសងសឹក ជាត្រីមុខ ចង់សងគំនុំឈាមឪពុក សម សារី ដែលជាជនក្បត់ជាតិ ហ៊ានធ្វើគ្រប់បែបយ៉ាងបំពុលបរិយាកាសសង្គម ក្លែងបន្លំផែនទីក៏ហ៊ាន ក្លែងបន្លំសន្ធិសញ្ញាក៏ហ៊ាន។
ពាក្យសម្តីវាយប្រហារទណ្ឌិត សម រង្ស៊ី ពីសំណាក់លោក កឹម សុខា នេះត្រូវបានមើលឃើញថា កើតឡើងក្រោយពីលោក កឹម សុខា ដណ្តើមបាននូវសិទ្ធិអំណាច ទាំងស្រុង និងមនុស្សសំខាន់ៗមួយចំនួនរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលមានទោសជាប់ខ្លួនជាច្រើនករណី បាត់បង់សិទ្ធិធ្វើនយោបាយ ហើយមិនហ៊ានចូលស្រុកនោះ មិនអាចប្រៀបធៀបទៅលោក កឹម សុខា ដែលទទួលបានការលើកលែងទោស មានសិទ្ធិធ្វើនយោបាយឡើងវិញ ថែមទាំងក្តោបក្តាប់ បក្សប្រឆាំងបានថែមទៀត ម្យ៉ាងទៀតតំណែងប្រធានក្រុមមតិភាគតិចក៏យកបាន។

ចាប់ពីពេលនេះតទៅទណ្ឌិត សម រង្ស៊ី មិនមែនជាដុំគ្រួសនៅក្នុងគ្រាប់ភ្នែកលោក កឹម សុខា ទៀតទេ ហើយមនុស្សកូតាបក្សសិទ្ធិមនុស្ស និងកូនចៅរបស់ សម រង្ស៊ី ដែលសុខចិត្តឱនក្បាលគោរព កឹម សុខា នឹងរីកចម្រើនឡើង ហើយទណ្ឌិត សម រង្ស៊ី និងកូនចៅដែលស្មោះត្រង់ នឹងរលាយដោយខ្លួនឯង និងដោយការដកក្រវាត់ចោល។ យោងលើឱកាសមាសដែលលោក កឹម សុខា កំពុងមានដូចជា ទទួលបានអំណាចទាំងស្រុងរបស់ទណ្ឌិត សម រង្ស៊ី ជាដើម រួមផ្សំនឹងការហ៊ានចេញមុខមកវាយប្រហារចំៗទៅលើទណ្ឌិត សម រង្ស៊ី នាពេលនេះបង្ហាញយ៉ាងច្បាស់ថា ផ្ទៃក្នុងបក្សសង្គ្រោះជាតិទាំងស្រុង ត្រូវបានគ្រប់គ្រងដោយលោក កឹម សុខា យ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ ជ័យ កម្ពុជា