(ភ្នំពេញ)៖ ថៅកែអេតចាយម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចុះឃាត់ខ្លួនបញ្ជូនទៅសាកសួរ ពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្ត ឆបោកយកទំនិញគេ រួចគេចខ្លួនបាត់ តែត្រូវជនរងគ្រោះប្រទះឃើញ ក៏ចាប់ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ចាត់ការតែម្ដង។

លោកវរសេនីយ៍ឯក ម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី ដា អាយុ៣៦ឆ្នាំ អ្នកលក់អេតចាយ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងមានគ្រោះ ឈ្មោះ ហ៊ុយ សូយទ្រី អាយុ៦៨ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ក ហុង បានបន្តថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ជនសង្ស័យបានមកទំនាក់ទំនងទិញកង់រថយន្ត ពីជនរងគ្រោះចំនួន ៣៤ឈុត ស្មើនឹងទឹកប្រាក់សរុប ៨៨,០០០ដុល្លារ តែសុំជឿសិន ព្រោះត្រូវយកទៅលក់បន្តឱ្យម៉ូយរបស់ខ្លួន ចាំបានលុយពីម៉ូយហើយ ខ្លួននឹងយកមកប្រគល់ឲ្យជនរងគ្រោះវិញ។ ប៉ុន្តែក្រោយពីទទួលទំនិញដល់ដៃហើយ ជនសង្ស័យបានគេចខ្លួនបាត់រហូត ហើយថែមទាំងបិទទូរស័ព្ទទៀផង។

រហូតមកដល់ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ជនរងគ្រោះស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះ លី ដា ខាងលើ នៅតាមផ្លូវ ជនរងគ្រោះក៏ស្ទុះទៅចាប់ក្របួចជាប់ និងប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ចាត់ការតាមច្បាប់តែម្ដង។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានមកទិញកង់រថយន្តចំនួន ៣៤ឈុត តម្លៃ ៨៨,០០០ដុល្លារ ពីជនរងគ្រោះពិតប្រាកដមែន ហើយលុយនោះខ្លួនមិនទាន់បានពីម៉ូយគ្រប់ចំនួន នៅឡើយទេ ម្យ៉ាងដោយសារមុខរបរលក់ទិញអេតចាយរបស់ខ្លួន មានការខាតបង់ទៀត ទើបខ្លួនមិនទាន់បានសងទៅឲ្យជនរងគ្រោះ តាមការសន្យា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីច្បាប់៕