(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលកម្ពុជា និងវៀតណាម បានប្តេជ្ញាព្រមគ្នាថា នឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានអះអាងថា ការសម្រេចបែបនេះ ធ្វើឡើងដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍រួម បានបញ្ជាយ៉ាងដូច្នេះថា «ភាគីទាំង២បានបញ្ជាក់​អះអាងសារ​ជាថ្មីនូវការគោរព និងការអនុវត្តឲ្យបានពេញលេញសន្ធិសញ្ញា កំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែន ពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរផងដែរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់​គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក ដែលបានសម្រេច៨៣ភាគរយ នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុង រយៈពេលកន្លង​មកនេះ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទសទាំងពីរនេះ។ ភាគីទាំងពីរបានបេ្តជ្ញាថា នឹងស្វែងរកដំណោះស្រាយ ស្ថាពរនូវកំណត់ខ្សែ ព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់ និងបញ្ចប់ឯកសារ ខណ្ឌសីមាពាក់ព័ន្ធឲ្យ បានឆាប់តាម ដែលអាចធ្វើបាន ដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព»

សូមជំរាបថា កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនគោករួមគ្នា ប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ។ ក្នុងចំណោមបង្គោល៣១៤បង្គោល កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាបោះបានប្រហែល៨៣ភាគរយរួចហើយ៕