(ភ្នំពេញ)៖ មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានប្ដេជ្ញាអនុវត្តគោលនយោបាយ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងធានាដាច់ខាតមិនឲ្យមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគម្រាមកំហែងសន្តិសុខនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ការប្ដេជ្ញាអនុវត្តនូវគោលការណ៍ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ច ២ថ្ងៃ នៅវៀតណាម ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ និងបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម។

យោងតាមសេចក្ដីថ្លែងការណ៍រួម កម្ពុជា-វៀតណាម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសទាំងពីរ បានប្ដេជ្ញាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ប្រទេសទាំងពីរ ក៏បានប្ដេជ្ញាអនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ដែលមានចែងក្នុងសេចក្ដីប្រកាសរួមកម្ពុជា-វៀតណាម ឆ្នាំ១៩៩៩, ឆ្នាំ២០០៥, ឆ្នាំ២០០៩, ឆ្នាំ២០១១, ឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដើម្បីគោរពឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងគ្នា និងធានាមិនឲ្យមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីគម្រាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហា ដែលកើតឡើងរវាងប្រទេសទាំងពីរ តាមមធ្យោបាយសន្តិវិធី»

សូមបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន វិញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ៕