(ភ្នំពេញ)៖​ ស្រាបៀរកម្ពុជា សម្រេច​បញ្ជូន​រថយន្ត​សម្អាត​ផ្លូវ​ធុនធ្ងន់​ ដែល​មានលទ្ធភាព បោស លាងសម្អាត និងបូមធូលីសើម ចំនួន​​ពីរ​គ្រឿង​ពី​រាជ​ធានី​ភ្នំ​ពេញ​ ទៅ​ខេត្ត​ព្រះ​សីហនុ ដើម្បី​សម្អាត​ផ្លូវ​​ក្នុង​ខេត្ត​ ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរណ៍​មក​កម្សាន្ត​ក្នុង​ពិធី​បុណ្យសមុទ្រ។

រថយន្ត​សម្អាត​ផ្លូវរបស់​ ស្រាបៀរកម្ពុជាម៉ាក ISUZU  ពណ៌ក្រហម ដែលមានពាក្យស្លោកថា «ទីក្រុងស្អាត សុខភាពល្អ»  ត្រូវ​ចេញ​ដំ​ណើរ​ពី រាជធានី​ភ្នំ​ពេញ​​នៅ​ថ្ងៃ​ទី​២១ ហើយ​​ចាប់​ផ្តើម​សម្អាត​ផ្លូវ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ។ ​រថយន្តនេះ​គ្រោង​នឹង​សម្អាត​ផ្លូវ​ចំនួនបីខ្សែរួម​មាន ផ្លូវ២ធ្នូ ផ្លូវអូរឈើទាលលេខ៥០០ និង​ផ្លូវឯករាជ្យ​លេខ​១០០ ដោយ​សម្អាត​ផ្លូវចំនួន​ពីរខ្សែរក្នុង​មួយ​ថ្ងៃ​។

លោក​ឧកញ៉ា​ លាង​ ឃុន ប្រ​ធាន​អគ្គ​នាយក​ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត​​ដែល​ផលិត ស្រាបៀរកម្ពុជា បាន​មាន​ប្រ​សាសន៍ថា «ទីក្រុងស្អាត​ ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់​ទាញភ្ញៀវ​ទេស​ចរណ៍​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​ការ​រួម​ចំ​ណែក​របស់​​ក្រុមហ៊ុន​ នឹង​ជួយ​លើក​សម្រស់ របស់​ខេត្ត​ព្រះ​សីហនុមួយកម្រិតទៀត ដើម្បីទាក់​ទាញ និង​​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​កុះករ​ក្នុង ពិធី​បុណ្យ​សមុទ្រ​ខាង​មុខ​នេះ។​​​»

​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ការ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រលើកទី​៥​នៅ​ខេត្ត​ព្រះសីហនុ​ ក្រៅ​ពី​សហការណ៍ ជាមួយ​ក្រសួង​បរិស្ថាន និងអជ្ញាធរខេត្តព្រះសីហនុ​ ជួយ​សម្អាតផ្លូវក្នុង​ខេត្ត ​ ស្រាបៀរកម្ពុជា​ក៏​បាន​សហការណ៍ជាមួយ ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាងសង់​ខ្លោង​ឆ្នេរ​ចំ​នួន​ប្រាំមួយ និង​សហការណ៍ជា​មួយ​ក្រសួង​ទេសចរណ៍ ឧបត្ថម្ភ​ធំ​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យសមុទ្រ​នេះ​ដែរ៕