(ព្រះសីហនុ)៖ កំណត់ហេតុមួយច្បាប់ ស្ដីពីកិច្ចប្រជុំរបស់ក្រុមការងារចុះពិនិត្យសិក្សា និងធ្វើរបាយកាណ៍ ស្ដីពីការស្នើសុំដោះដូរទីតាំងដីរដ្ឋបាល​​មួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្កើតតំបន់រដ្ឋបាលប្រមូលផ្ដុំ ត្រូវបានអភិបាលខេត្តព្រះសីហនុលោក យន្ត មីន បាន​ និងកំពុងស្នើទៅកាន់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំការសម្រេច​ ដើម្បីផ្លាស់ប្ដូរតំបន់រដ្ឋបាល ទៅកាន់ទីតាងដីថ្មី មានទំហំ២៥ហិចតា ស្ថិតនៅជាយក្រុងព្រះសីហនុ។​

អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះ ការស្នើសុំដោះដូរទៅតាំងដីរដ្ឋបាលរបស់អភិបាលខេត្តព្រះសីហនុ​ លោក យន្ត មីន ខាងលើនេះ បានបង្កឲ្យ​​មានការភ្ញាក់ផ្អើល និងស្រឡាំងកាំង ពីសំណាក់ម្ចាស់ទីតាំងរដ្ឋបាលមួយចំនួន​ ដោយសារតែពួកគេមិនបានដឹងទាល់តែសោះ ហើយខ្លះទៀត​​និយាយរបៀបលេងសើចថា «សុខៗផ្ទះខ្លួនស្នាក់នៅ នឹងត្រូវគេរុះរើ នាពេលខាងមុខហើយ»

យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបានមន្រ្តីសាលាខេត្តជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញ​អត្តសញ្ញាណ បានផ្ញើមកកាន់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីសុំឲ្យជួយចុះផ្សាយដឹងដល់ថ្នាក់ដឹកនាំ ឲ្យមានការពិចារណា លើករណីនេះផង ពីព្រោះការសម្រេចរបស់អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធខ្លះនោះ មិនបានបំពេញចិត្ត និងទាញការគាំទ្រ​ទាំងស្រុងពីសំណាក់ម្ចាស់ទីតាំងរដ្ឋបាលខ្លះទៀតនោះឡើយ។

កំណត់ហេតុខាងលើ បានបញ្ជាក់ថា ការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងលើនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុន​ «ពិភពអេស៊ា ត្រេឌីញ»​ លើការវិនិយាគដីរដ្ឋបាលមួយចំនួន​ ពីក្រុងឆ្ពោះទៅជាយក្រុង ដែលមានទំហំផ្ទៃដី២៥ហិចតា។​

កំណត់ហេតុដដែលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនពិភពអេស៊ា ត្រេឌីញ ស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍​ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រុមហ៊ុន បានធ្វើការដោះដូរទីតាំងដី រដ្ឋបាលសាលាខេត្ត, កាកបាទក្រហម, ស្នងការនគរបាល, អធិការដ្ឋាននគរបាល, ការិយាល័យកណ្ដាល នគរបាលសណ្ដាប់ធ្លាប់សាធារណៈ, អធិការដ្ឋានរដ្ឋបាលព្រៃឈើ ឈូងសមុទ្រ, រតនាគារ, បុរីកុមារ, អគារពន្ធដារថ្មី, សាលាដំបូង, មន្ទីរពាណិជ្ជកម្ម, មន្ទីរទេសចរណ៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរព័ត៌មាន, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, គណៈកម្មការជាតិរៀបចំការបោះឆ្នោត, មន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរបរិស្ថានចាស់, មន្ទីរផែនការ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី, មន្ទីរបរិស្ថានថ្មី, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរកិច្ចការនារី, មន្ទីរធម្មការ និងសាសនា, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរសុខាភិបាល, មន្ទីរអប់រំ យុវជន និងកីឡា, និងសាខាគយ និងរដ្ឋករខេត្ត ដែលមានទីតាំងស្ថិតនៅភូមិ១,២,៣,៤,៥ ក្នុងសង្កាត់លេខ២,៣,៤ ក្រុងព្រះសីហនុ ដែលមានទំហំដីសរុប ១៧៨,៧១១ម៉ែត្រការ៉េ ប្ដូរទៅទីតាំងថ្មី ដែលមានផ្ទៃដីទំហំ ២៣៣,២០០ម៉ែត្រការ៉េ ស្ថិតនៅជាយក្រុងព្រះសីហនុ»

ការស្នើសុំដោះដូរតំបន់រដ្ឋបាល ពីទីរួមខេត្តទៅកន្លែងថ្មីខាងលើនេះ គេនឹកឃើញភ្លាម និងនៅចាំគ្រប់គ្នាថា​ សម្រាប់ខេត្តសៀមរាប កាលលោក ស៊ូ ភិរិន្​ទ ធ្វើជាអភិបាលខេត្ត ក៏បានដូរសាលាខេត្តឆ្ពោះទៅជាយក្រុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រដែរ ហើយ​ បានធ្វើឲ្យក្រុមមន្ត្រីរាជការជាច្រើននាក់​ មិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ក៏ព្រោះតែ ចម្ងាយផ្លូវនៃការធ្វើដំណើររបស់ពួកគេ។​ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់ បន្ទាប់ពីលោក ឃឹម ប៊ុនសុង​ ត្រូវបានតែងតាំងជាអភិបាលខេត្ត ហើយលោកសម្រេចយកមកដាក់នៅកណ្ដាលក្រុងវិញ។​

សូមអានព័ត៌មានលម្អិត​ នៃកំណត់ហេតុកិច្ចប្រជុំក្រុមការងារ​ ដើម្បីស្នើសុំដោះដូរ​ទីតាំង​ដីរដ្ឋបាល​របស់ខេត្តព្រះសីហនុ​ ពីកណ្ដាលក្រុង​ទៅជាយក្រុងវិញ​ ដូចខាងក្រោមនេះ៖​