(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងបង្កើតមន្ទីរពេទ្យបង្អែក នៅតាមខណ្ឌបន្ថែមទៀត ដែលមានអគារ ជាលក្ខណៈស្តង់ដារ មាន រថយន្តសង្គ្រោះ មានគ្រូពេទ្យប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបំរើវាសុខាភិបាលសាធារណៈរបស់រដ្ឋជូន ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ទៀតថា គម្រោងពង្រីកមន្ទីរពេទ្យបង្អែកនៅ ខណ្ឌថ្មីនេះ ជំហានដំបូងមាននៅខណ្ឌដូនពេញ និងខណ្ឌមានជ័យ ដែលមានអគារជាលក្ខណៈដារធនធានមនុស្ស ដើម្បី បំរើសេវាសុខាភិបាលបំរើផ្នែករដ្ឋជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ វិជ្ជាជីវៈសាកសមជាគ្រូពេទ្យល្អ ប្រកបដោយគុណភាព។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីប្រគល់រថយន្តសង្គ្រោះ អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ហៅមន្ទីរពេទ្យសម្តេចឪ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។

លោកអភិបាលរាជធានីបន្តថា ដោយពិនិត្យឃើញមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខណ្ឌមួយចំនួន​ នៅរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបតាមតម្រូវការបំរើសេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេល នៅចំពោះមុខនេះ សាលារាជធានី និងមន្ទីរសុខាភិបាល នឹងពង្រីកសេវាសុខាភិបាលឲ្យមាននៅតាមខណ្ឌមួយចំនួន។

លោក អភិបាលបន្តថា «ការពង្រីកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសេវាសុខាភិបាលបន្ថែម នៅតាមខណ្ឌលើកក្រោយនេះ គឺតម្រូវឲ្យមាន ធនធានមនុស្សពិតប្រាកដ មានគ្រូពេទ្យប្រកបដោយសីលធម៌ វិជ្ជាជីវៈស្របទៅនិងអគារមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកសេវាសុខាភិបាល បំរើផ្នែករដ្ឋជូនដល់បងប្អូនប្រជាពលរដ្ឋល្អ បន្ថែមលើសព្វថ្ងៃ»

លោក ប៉ា សុជាតិវង្សបញ្ជាក់ថា ក្រៅពីសេវាសុខាភិបាលបំរើឲ្យរដ្ឋនៅមានផ្នែកឯកជនបន្ថែមទៀត ដែលជាផ្នែកមួយ មិនអាច ខ្វះបាន ជាមួយការងាររដ្ឋបាច្រើន ដែលបញ្ហានេះយើងត្រូវមានការលើកទឹកចិត្ត ដើម្បីឲ្យវិស័យឯកជនវិនិយោគលើសេវា សុខាភិបាលនេះ ដោយមិនមានការរើសអើង។

បន្ថែមពីលើនេះ លោកអភិបាល បញ្ជាក់ថា ចាប់ពីពេលនេះទៅយើងត្រូវរួមចំណែក នាំគ្នាពង្រឹងប្រព័ន្ធផ្តល់សេវាសុខាភិបាល ឲ្យកាន់តែល្អប្រសើរឡើង ថ្វីត្បិតតែសព្វថ្ងៃវាបានប្រសើរហើយក៏ដោយ ប៉ុន្តែឲ្យឆ្លើយតបទៅនឹងសំណូមពរ នៃតម្រូវការរបស់ប្រជាជននោះវមិនទាន់ទេ ហើយយើងក៏ទទួលស្គាល់ផងដែរថា សេវាសុខាភិបាលក៏នូវមិនទាន់ឆ្លើយតបទាំងស្រុងនៅឡើយដែរ ដោយសារនៅខ្វះមធ្យោបាយ នៅខ្វះធនធាន។

ជាមួយគ្នានោះដែរ រថយន្តសង្គ្រោះអ្នកជំងឺចំនួន៤គ្រឿងនេះ ជាអំណោយបានមកពីប្រទេសជប៉ុនត្រូវបាបប្រគល់ជូន មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ១គ្រឿង មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ១គ្រឿង ខណ្ឌព្រែកព្នៅ១គ្រឿង និងមណ្ឌលឱកាសខ្ញុំ ១គ្រឿង៕