(ភ្នំពេញ)៖ អគ្គនាយកទូរទស្សន៍ជាតិ (ទទក) លោក កឹម គុណវឌ្ឍ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកបណ្ឌិត ខៀវ ថវិកា បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយរោគាពាធ។

នៅមុននេះបន្តិចលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកជាភាសាអង់គ្លេសថា ៖ Goodbye my beloved brother. I am sure now you're in the peaceful and very worryless world. Dad and Mum are there។

លោក កឹម គុណវឌ្ឍ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកបណ្ឌិតបានលាពួកយើងជារៀងរហូតហើយ គ្មានថ្ងៃវិលត្រឡប់។ ស្តាយមហាស្តាយ យ៉ាងណាខ្ញុំ ទ.ទ.ក និងមន្រ្តី បុគ្គលិក សូមឧទ្ទិសជូនវិញាណក្ខន្ធ លោកបណ្ឌិត ថវិកា បានស្ងប់ និងសុខក្នុងសុគតិភព ។ ខ្ញុំស្រឡាញ់ និង ស្រឡាញ់»

សូមបញ្ជាក់ថា លោកបណ្ឌិត ខៀវ ថវិកា ដែលបច្ចុប្បន្នមានអាយុជាង៥០ឆ្នាំ ជាប្អូនបង្កើតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕