(ភ្នំពេញ)៖ ពិតជាអាណិតអាសូរខ្លាំងណាស់ ប្រជាពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ២នាក់ទៀត បានរងរបួស​ ដោយសារតែរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន «Phern Sopha» បើកលឿន ហើយជ្រុលទៅបុកពួកគេ​ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា។​

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦​ នៅត្រង់ចំណុចខាងជើងប៉ុស្ដិ៍នគរបាលស្វាយប៉ាក​ ប្រហែល១០០ម៉ែត្រ​ លើកំណាត់ផ្លូវជាតិលេខ៥​ ក្នុងក្រុមទី២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

តែយ៉ាងណាក៏ដោយ រថយន្តបង្កនេះ​ ត្រូវកម្លាំងការិយាល័យនគរបាលចរាចរណ៍ក្រុងសហការជាមួយនគរបាលមូលដ្ឋាន​ ឃាត់បានភ្លាមៗ។​

លោកអនុសេនីយ៍ទោ ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ ភឿន សុផា អាយុ២២ឆ្នាំ​ មុខរបរបើកបររថយន្ដ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ​ ដែលបានស្លាប់បាត់បង់ជីវិត និង២នាក់​​ទៀតរងរបួសធ្ងន់ស្រាល​ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។​

លោកនាយប៉ុស្ដិ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះ​ បង្កឡើងដោយរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន Phern Sopha​ ១គ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ0243 បានបុកជាមួយ និងម៉ូតូ១គ្រឿង ទៀតម៉ាក Next ពណ៌ផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ​ 1GD-1259។​

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្​ដ ធ្វើដំណើរពីទិសដៅត្បូងទៅជើង យ៉ាងលឿន​ ហើយរេចង្កូតទៅខាងឆ្វេងដៃ​ ទើបជ្រុលទៅបុកកៀរខ្ទាតប៉ើងបោក និងថ្នល់ ទាំងមនុស្ស​ និងម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ​ នៅកន្លែងព្រមទាំង២នាក់ទៀតរងរបួសធ្ងន់ ត្រូវ​បានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។​

អ្នកបើករថយន្ដត្រូវកម្លាំងនគរបាលឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួចហើយសម្រេចយកទាំងរថយន្ដបង្ក​ និងម៉ូតូរងគ្រោះបញ្ជូន​ទៅកាន់​​ការិយាល័យនគរបាលចរាចរណ៍ក្រុង​ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។​ រីឯសពជនរងគ្រោះ ត្រូវប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​