(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋសភា លោក ឈាង វុន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះថា រហូតដល់ពេលនេះ មិនមានគម្រោងណាមួយ សម្រាប់ការជួបគ្នារវាងមេដឹកនាំក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនោះទេ។

ការបំភ្លឺរបស់លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មាន និងទំនាក់ទំនងសង្គមមួយចំនួន បានផ្សព្វផ្សាយថា សម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា នឹងជួបគ្នានៅចុងខែធ្នូនេះ ដើម្បីជជែកអំពីរឿងដោះលែងក្រុមសង្គមស៊ីវិល។

លោក ឈាង វុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា មិនមានការជួបគ្នាទេ រវាងប្រធានក្រុមថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្នុងរដ្ឋសភា (នេះគឺទី១) ហើយទី២ សម្តេចតេជោ បានជម្រាបបានមានប្រសាសន៍ថា សុំឱ្យថ្នាក់ដឹកនាំទាំងពីរ ជួបគ្នាក្រោយថ្ងៃ២០ ធ្នូ អញ្ចឹងការជួបគ្នាមិនទាន់បានគ្រោងថ្ងៃណានៅឡើយទេ»

លោក ឈាង វុន បានបន្ថែមទៀតថា នៅពេលនេះសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា កំពុងមមាញឹកនឹងការងារយ៉ាងខ្លាំង ហើយភាគីទាំងពីរក៏មិនទាន់ មានការត្រៀមជួបគ្នានោះដែរ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំតំណាងរាស្រ្តរបស់គណបក្សទាំងពីរ នឹងអាចជួបប្រជុំគ្នា នៅសប្តាហ៍នេះ៕