(ភ្នំពេញ)៖ ក្រោយមានការស្នើសុំឲ្យ ស្ថានទូតអន្តរាគមន៍ កាលពីពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍​ របស់ពលករ-ពលការិនី​ខ្មែរ​ចំនួន​២នាក់ ឲ្យវិលត្រលប់មកកម្ពុជាវិញ  នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ពលករ​ទី១ ឈ្មោះ ស.ម អាយុ៣៦ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ បានចាញ់បោក ​មេខ្យល់ ទៅធ្វើការ​នៅរោងចក្រអារ​ឈើ​ក្នុងប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក គាត់បានទៅ​ស្ថានទូត​នៅថ្ងៃទី២២ ខែ​វិច្ឆិកា ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន ហើយ​អង្គការអន្តរជាតិ​ទេសន្ត​​ប្រវេសន៍(IOM) ឧបត្ថម្ភ​សំបុត្រ​យន្តហោះក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូត។ ពលករ ស.ម នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៧:៣០នាទី  តាមជើងយន្តហោះ MH762 ។​​

ចំណែកពលការិនីទី២ ឈ្មោះ យ.អ  អាយុ២៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានទៅម៉ាឡេស៊ី​ធ្វើការ​ជាអ្នក​បោសសំអាត ពីខែមករា ឆ្នាំ២០១៥ តាម​រយៈ​ក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថាន​ទូត​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំស្ថានទូត ទាមទារប្រាក់ខែដែលនៅសល់ និង​ជួយ​ឲ្យបា​ន​ត្រឡ​ប់​​មក​កម្ពុជា។

ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ និយោជករបស់ពលការិនី បានយល់​ព្រម​ប្រគល់ប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ដល់នាង។ពលការិនី យ.អ  នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបន្ថែមឲ្យដឹងថា ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាស្ថានទូតបាន ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនដល់អ្នកទាំងពីរផងដែរ៕