(ភ្នំពេញ)៖ កម្លាំងនគបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបល្បែងឆ្នោត ដោយឃាត់ម្ចាស់ទីតាំង អ្នកកត់ និងអ្នកចាក់សរុប៣នាក់ ព្រមទាំងដកហូតសម្ភារកត់កន្ទុយលេខ និងលុយមួយចំនួនផងដែរ។

ប្រតិបត្តិការបង្ក្រាបល្បែងឆ្នោតខាងលើនេះ ស្ថិតនៅចំណុចផ្សារឯករាជ១ ភូមិត្រពាំងត្រថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោក សុខ ណាត នាយរងការិយាល័យ ព្រហ្មទណ្ឌនគរបាលកំរិតស្រាល និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។

លោក សុខ ណាត បានឱ្យដឹងថា មេកត់ឆ្នោត និងអ្នកកត់ដែលត្រូវឃាត់ខ្លូនខាងលើរួមមាន៖ ទី១ឈ្មោះ ជា នាង អាយុ៥៦ឆ្នាំ ភេទស្រីជាមេ ទី២ឈ្មោះ ភាព ជូឡាយ ភេទស្រីអាយុ១៩ឆ្នាំ ជាមេកត់ និងទី៣ ឈ្មោះ ងឹម សួយ អាយុ៤៩ឆ្នាំ ភេទប្រុស ជាអ្នកចាក់ព្រមទាំងដកហូតវត្ថុតាងម៉ាស៊ីនគិតលេខចំនួន៤ ក្រដាសកត់មួយចំនួនធំ លុយចំនួនខ្មែរ ចំនួន៩៨ម៉ឺនរៀល លុយដុល្លា២$ ត្រាថ្ងៃខែ១ និងក្រដាសពាក់ព័ន្ធមួយចំនួនទៀត។

លោក សុខ ណាត បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការចាត់ការតាមច្បាប់៕