(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះ បានបង្ហាញការស្វាគមន៍ ​ចំពោះការសម្រេចចិត្ត​ របស់ប្រទេស Sao Tome and Principe ក្នុង​ការកាត់​ផ្តាច់​​ទំនាក់​ទនង​​ការ​ទូតជាមួយនឹងកោះតៃវ៉ាន់។ នេះបើតាមការចេញ​ផ្សាយ​​ ដោយសារព័ត៌មានចិន CCTV News នៅមុននេះបន្តិច នារសៀល​ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងយ៉ាងដូច្នេះថា «យើងបានកត់​ សម្គាល់ឃើញថា សាធារណរដ្ឋប្រជា​ធិបតេយ្យ Sao Tome and Principe បានចេញសេចក្តីប្រកាសកាល​ពី​ថ្ងៃទី២០ ខែធ្នូ (ពេលវេលានៅក្នុងតំបន់) ស្តីពីការកាត់ផ្តាច់ចំណង​ការ​ទូត​ជាមួយនឹងកោះតៃវ៉ាន់» ហើយបាន​បន្ថែមថា​ប្រទេសចិនសូមធ្វើការកោតសសើរ ចំពោះការសម្រេចចិត្ត ដ៏ប្រសើនេះ និង​បាន​ស្វា​គមន៍​ប្រទេសដីកោះ​នៅតំបន់អាហ្រ្វិកខាងលិច​មួយនេះ ដែល​បានវិល​ត្រឡប់​មកដើរ​លើផ្លូវ​ត្រវ​លើគោល នយោបាយចិនតែមួយវិញ»

គួរបញ្ជាក់ថាសាធារណរដ្ឋប្រជាធិបតេយ្យ Sao Tome and Principe មានប្រជាជនចំនួនត្រឹម ១៩៣,០០០នាក់ គឺជាប្រទេសនៅទ្វីប អាហ្វ្រិក​ ដែលមានទំហំដីតូចជាងគេលំដាប់លេខពីរ​បន្ទាប់ពីរប្រទេស Seychelles ហើយវាត្រូវ​បានបង្កើតឡើង​កាលពីឆ្នាំ១៩៧៥ ក្រោយពេលទទួល​​បានឯករាជ្យ​ពេញ​បរិបូណ៍ពីប្រទេសព័រទុយហ្គាល់។

សាធារណរដ្ឋប្រជាធិបតេយ្យ Sao Tome and Principe បានបង្កើតចំណង​ការទូតជាមួយប្រទេសចិន​​នៅខែកក្កដា ឆ្នាំ១៩៧៥ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង បានកាត់ចំណងការទូតនេះចោល​វិញ​កាលពី​ឆ្នាំ១៩៩៧ បន្ទាប់ពី​ប្រទេសដីកោះមួយនេះបានប្រកាស កសាងទំនាក់ទំនង​ការទូតជាមួយកោះតៃវ៉ាន់៕