(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ លើកយកសេចក្ដីព្រាងបឋមច្បាប់ ស្ដីពីការការពារសាក្សី និងច្បាប់ការពារបុគ្គលរាយការណ៍ មកពិភាក្សាជាមួយ ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល ដើម្បីប្រមូលធាតុចូលយោបល់ និងអនុសាសន៍ល្អៗ បន្ថែមឲ្យបានគ្រប់គ្រុងជ្រោយ។

ការពិភាក្សានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងមានការចូលរួមដោយ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រៅពីនោះ ក៏មានការចូលរួមពី ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួងស្ថាប័នរដ្ឋ តុលាការ វិស័យឯកជន អង្គការ/សមាគមវិជ្ជាជីវៈ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកសិក្សាអធិការ សរុបជាច្រើននាក់ផងដែរ។

ច្បាប់ស្ដីពីការពារសាក្សី មានគោលបំណងធានាសុវត្ថិភាពរបស់សាក្សី អ្នកជំនាញ ជនរងគ្រោះ និងបុគ្គលជិតស្និទ្ធនឹងអ្នកទាំងនោះពីការគំរាមកំហែង ឬការសងសឹក និងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើស និងយុត្តិធម៌។ ដោយឡែកច្បាប់ ស្ដីពីការការពារបុគ្គលរាយការណ៍ មានគោលបំណងចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាពនៅក្នុងស្ថាប័នសាធារណៈ និង ស្ថាប័នមិនមែនរដ្ឋ និងមានវិសាលភាព គ្របដណ្ដប់លើបទល្មើសពុករលួយ និងកំហុស ខាងវិន័យ។

ជាមួយគ្នានោះដែរ លោក សេង ឃាង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកឡើងពី សារសំខាន់ របស់អ្នកសារព័ត៌មាន នៅក្នុងច្បាប់នោះដែរថា អ្នកសារព័ត៌មាន ក៏ជាផ្នែកមួយនៅក្នុងការ ផ្ដល់ព័ត៌មានផ្សេងៗ ហើយប្រសិនបើ អ្នកសារព័ត៌មាន ដើរចូលក្នុងលក្ខខណ្ឌជាសាក្សីបាន ច្បាប់នេះនឹងការពារដូចគ្នា ព្រោះមិនមានការកំណត់ថា អ្នកសារព័ត៌មានមិនអាចធ្វើជាសាក្សីបាននោះទេ។

លោកបញ្ជាក់ថា ច្បាប់ការពារសាក្សីនេះ មានចំនួន៩ជំពូក និង៤៨មាត្រា ប៉ុន្ដែ លោកមិនទាន់បញ្ជាក់ពីថ្ងៃណាដែលបញ្ចប់សេចក្ដីព្រាង ហើយបញ្ជូន ទៅសភានោះទេ។

សូមបញ្ជាក់ថា ការរៀបចំច្បាប់ការពារសាក្សី និងបុគ្គរាយការណ៍នេះ ត្រូវបានរៀបចំផ្អែក លើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនូវការអនុវត្ត អនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី១ នៅកម្ពុជា និងការសម្រេចរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឲ្យរៀបចំ សេចក្ដីព្រាងច្បាប់ការពារ សាក្សី និងបុគ្គលរាយការណ៍៕