(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីរវាង ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល កម្ពុជា។ នេះបើតាមលោក David Josa អ្នកនាំពាក្យរងនៃស្ថានទូតអាមេរិក ដែលបានឆ្លើយប្រាប់អង្គភាពព័ត៌មាន Fresh News តាមរយៈសារអេឡិចត្រូនិកមួយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក David Josa បានសរសេរយ៉ាងដូច្នេះថា៖ «ស្ថានទូតសហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីរវាងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសកម្ពុជា បានបំពេញ​ការ​ងារ​សំខាន់ៗ ​និង​ចាំ​បាច់ ជាច្រើនអស់រយៈ​ពេល២៣ឆ្នាំមកហើយ។ យើង​ក៏​មាន​សេច​ក្តី​ត្រេក​អរ​ជា​ខ្លាំង​ផង​ដែរ ​ដែល​ឃើញ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ នៅតែបន្ត​គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស»

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឱ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះ ក៏បានដាក់បញ្ចូលនូវចំណុចថ្មីមួយ ដែលចែងថា អង្គការសហប្រជាជាតិ មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ទាំងភាសាខ្មែរ និងអង់គ្លេស ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

ក្រសួងបរទេសបានសរសេររៀបរាប់អំពី៖ អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស មានប្រិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ និងឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ពីការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយ។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនសម្រេច លើអនាគតនៃ វត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយសម្រេចរង់ចាំរហូតដល់ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

ប៉ុន្តែនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រៀងជាថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាហើយ ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ លែងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ៕