(ភ្នំពេញ)៖ ភាពយន្តខ្នាតធំថ្មី​មួយទៀត ​របស់​ផលិតកម្ម «មហាហង្ស» មានចំណងជើងថា​ «សួស្ដីលោកគ្រូកំឡោះ» បានបើកសម្ពោធបញ្ចាំង​ជាផ្លូវការហើយ នាល្ងាច​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២​០១៦នេះ នៅរោងភាពយន្ត Legend ផ្សារស្ទឹងមានជ័យ ក្រោមវត្តមាន​តារាសម្ដែងល្បីៗជាច្រើនដួង​ចូលរួម ខណៈផលិតក ក៏ដូចជាចាង​ហ្វាងផលិតកម្ម បានបង្ហាញ​ជំហថា នឹងបង្កើនការ​ផលិតរឿងខ្នាតធំនេះ បន្ថែមទៀតឲ្យបានកាន់​តែច្រើន នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រកួតប្រជែង​ឲ្យខ្លាំងក្លា និងឆ្លើយតបតាមតម្រូវ​ការទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា។

លោក អ៉ិន សុភិន ជាផលិតករ និងជាចាងហ្វាង​ផលិតកម្ម «មហាហង្ស» បានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះ ផលិតកម្ម បានបង្កើតការផលិត​ភាពយន្តខ្នាតធំ ដាក់បញ្ចាំងលើ​ទីផ្សារ បានប្រមាណជាជិត១០រឿង ដែលភាពយន្តភាពច្រើន សុទ្ធសឹងតែទទួលបានការគាំទ្រ​ខ្លាំង ដូចជារឿង «៣០​ថ្ងៃ, បណ្ដឹងស្រីទាំង៥, ស៊ុបពើម៉ាំ, ព្យុះជីវិតចិត្ត​អ្នកលេង, អ្នកនាងម្ចាស់ឡឺកឺ, ខ្មោចទឹក, បំភ្លេចមិនបាន​» និង រឿងចុង​ក្រោយនេះ​ «សួស្ដីលោកគ្រូកំឡោះ» ក៏រំពឹងថា នឹងមានការគាំទ្រខ្លាំងក្លា មិនចាញ់រឿងមុនៗ ដែលបានផលិត និងដាក់បញ្ចាំង​រួចមកហើយដែរ។

លោកបន្តទៀតថា យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ផលិតកម្ម មហាហង្ស បានដាក់ចេញ​នូវគោលដៅ ផលិតភាពយន្ត ទាំងរឿងដុំ និងរឿងភាគ ឲ្យបានច្រើនជាងនេះ​បន្ថែមទៀត ដែលយ៉ាងហោច​ណាស់ក៏​១០ ​រឿងដែរ ដើម្បីបម្រើដល់​ទីផ្សារភាពយន្តក្នុងស្រុក និងនាំចេញទៅ​ក្រៅប្រទេស ខណៈដែលរឿងមួយ​ចំនួន របស់ផលិតកម្ម មហាហង្ស កំពុងតែត្រូវបានពិចារណា​យកទៅបញ្ចាំង នៅក្រៅប្រទេស។

ពេលមានសំណួរថា ប្រសិនបើផលិតកម្ម មហាហង្ស ផលិតរឿងច្រើនបែបនេះ ដើម្បីបង្កើនបរិមាណ តើផលិតកម្ម មានបានគិតគូ ដល់គុណភាពរបស់ភាពយន្តទាំងនេះដែរឬទេ ?

ចំណុចនេះ ត្រូវបានលោក អ៉ិន សុភិន បញ្ជាក់យ៉ាងច្បាស់ថា អ្វីដែល​ផលិតកម្ម មហាហង្ស ប្រកាន់ខ្ជាប់ជាងគេ​​ពេលផលិត​កុនម្ដងៗ គឺគុណភាព​នេះហើយ ដែលស្ថិតក្នុងគោល​ការណ៍ធំៗទាំង៤​​ត្រូវអនុវត្ត។ ផលិតកម្ម បានសម្រិតសម្រាំងឡើង តាំងពីការជ្រើសរើសតួសម្ដែង បច្ចេកទេស ទីតាំងថត ប្លង់ថត កាមេរ៉ា ជាពិសេស​គឺផលិតកម្ម មានស្ទូឌីយោថត ដោយខ្លួនឯង ដែលពោរពេញដោយបច្ចេកវិទ្យាទំនើប អាចឲ្យគុណភាពនៃភាពយន្តនីមួយៗ មាន​ស្ដង់ដារអាចទទួលយកបាន។

​ដោយឡែក​រឿង «សួស្ដីលោកគ្រូកំឡោះ» ក៏នឹងត្រៀមខ្លួនចូលរួម​​ប្រកួតប្រជែងកម្មវិធី មហោស្រពភាពយន្ត​ប្រចាំឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីរឿងនេះ​​ត្រូវបាន​ដាក់​បញ្ចាំង​ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ នេះជាការបង្ហាញ​មហិច្ឆតាថ្មី​​មួយទៀត របស់ផលិតកម្ម​មហាហង្ស ក្រោយពីទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់ ក្នុងការផលិតរឿង ទាំងរឿងភាគ និង​រឿង​ដុំ ដាក់បញ្ចាំង​​​នៅ​ក្នុងទីផ្សារ​ភាពយន្តខ្មែរ។

​លោក អ៉ិន សុភិន បានថ្លែងប្រាប់​​ឲ្យដឹងទៀតថា រឿង «សួស្ដីលោកគ្រូកំឡោះ» ​នឹងត្រៀមដាក់ចូលប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រព ភាពយន្តនាឆ្នាំក្រោយនេះ (ឆ្នាំ២០១៧) ពីព្រោះរឿងនេះ លោកបាន​សម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់​ជាទីបំផុត ដើម្បីឲ្យមានគុណភាពខ្លាំង​ជាងរឿងមុនៗ។

​រឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេស​គឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមាន​ទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ចំពោះមូលហេតុដែលលោក​ សម្រេចចិត្តជ្រើសរើសយករឿង​ «សួស្ដីលោកគ្រូកំឡោះ» ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្ត ព្រោះតែរឿងនេះ មានសាច់រឿងល្អជាងមុន និងមានការអប់រំច្រើន ក្នុងសង្គមរស់នៅរបស់សិស្សានុសិស្ស ជាពិសេសការសិក្សារបស់យុវវ័យ ហើយក៏ប្រមូលផ្ដុំដោយអ្នកដឹកនាំ និងនិពន្ធមានស្នាដៃល្អៗ ទើបជាហេតុលោក​សម្រេច​បែបនេះ។

សូមបញ្ជាក់ថា រឿង​ «សួស្ដីលោកគ្រូកំឡោះ»​ ​មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស​ ជាច្រើនដួងទៀត៕