(ភ្នំពេញ)៖ សម្តេចពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងឲ្យដឹងថា ភាគីកម្ពុជា-ចិន បានឯកភាពគ្នា និងសហការគ្នាបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ សភាទាំងពីរឲ្យល្អប្រសើរជាងមុន និងស៊ីជំរៅបន្ថែមទៀត។ សម្តេច ពញាចក្រី ហេង សំរិន បានសម្តែងស្វាគមន៍ ចំពោះសមិទ្ធផល ដែលបានកើតចេញពីការសហការគ្នាជាមួយភាគីចិន កន្លងមកផងដែរ ដែលនេះជាការសហការគ្នាជាដៃគូ អនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចូលរួមចំណែកពន្លឿនខឿនសេដ្ឋកិច្ចសង្គមកម្ពុជា លើគ្រប់វិស័យ។

ការថ្លែងរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច ជាមួយ លោក វ៉ាង ហ្គូសៀង សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការរដ្ឋសភា។

បន្ថែមពីលើនេះ សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញយ៉ាងច្បាស់ថាកម្ពុជា-ចិន ពិតជាមានទំនាក់ទំនងល្អ នឹងគ្នាមិនថា ផ្នែកការទូត និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាការឆ្លើយតបស្វាគមន៍ចំពោះគណៈប្រតិភូចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះគឺជាការរួមចំណែក យ៉ាងសំខាន់ ជំរុញនឹងលើកកំពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ចិន ជាពិសេស រវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត។

លោក វ៉ាង ហ្គូសៀង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន បានសម្តែងការសាទរយ៉ាងកក់ក្តៅដល់កម្ពុជា ហើយក៏បានសរសើរដល់ សម្តេច ហេង សំរិនថា ជាឥស្សរជនជើងចាស់នៅកម្ពុជា ធ្លាប់ធ្វើការងារជាច្រើន ដែលមានទំនាក់ទំនងជារវាងកម្ពុជា-ចិន។

លោក វ៉ាង ហ្គូសៀង បានបន្តថា ទំនាក់ទំនងកម្ពុជា-ចិន បានឈរលើគោលការណ៍ឆន្ទៈ និងសហវិជ្ជមាន ឈរលើគោលការណ៍ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក គោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា៕