(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតមួយទៅកាន់ លោកស្រី ដាន់ ចន្រ្ទាវតី មន្រ្តីទទួលបន្ទុកប្រមូលពន្ធ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយដាស់តឿនមន្រ្តីរូបនេះ ឱ្យពង្រឹងការអនុវត្តការងាររបស់ខ្លួន ហើយកុំមានការបន្លែបន្លំយករឿងតូច បិទបាំងរឿងធំ។ នេះបើតាមសេចក្តីជូនដំណឹងមួយស្តីពីការបំភ្លឺរបស់ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី ដាន់ ចន្រ្ទាវតី។

នាថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្តឹង ដែលបានចោទប្រកាន់ លោកស្រី ដាន់ ចន្រ្ទាវតី ពាក់ព័ន្ធនឹងការបំពានលើទ្រព្យសម្បត្តិ ដែលជាកម្មវត្ថុនៃការចាប់យក និងការយកប្រាក់ពន្ធលើសកំណត់។ ជាមួយគ្នានេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី ដាន់ ចន្រ្ទាវតី ក៏បានចេញលិខិតមួយបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ក្នុងលិខិតបំភ្លឺរបស់ ប្រធានតុលាការក្រុងភ្នំពេញ និងលោកស្រី ដាន់ ចន្រ្ទាវតី បានបំភ្លឺថា លោកស្រី ដាន់ ចន្រ្ទាវតី បានទទួលរថយន្តមួយគ្រឿង ម៉ាក Corolla ពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនប្រាក់ទៅវិញទៅមកពីធនាគារជាតិ និងសាលាដំបូងរាជធានីភ្នំពេញ។ ការផ្តល់ជូនបណ្តោះអាសន្ននេះ គឺដើម្បីការពារសុវត្ថិភាពលោកស្រីតែប៉ុណ្ណោះ។ ចំណែករឿងចោទប្រកាន់ថា យកប្រាក់ពន្ធលើសកំណត់វិញ លោកស្រី ដាន់ ចន្រ្ទាវតី បានបំភ្លឺថា ករណីនេះមាន តិចតួចប៉ុណ្ណោះ ដោយសារតែខ្វះលុយអាប់ ហើយអ្នកដែលបង់លើសទាំងនោះក៏គាត់មិនយកលុយអាប់ផងដែរ។ លោកស្រីពន្យល់ថា បើពាក្យសុំ១ច្បាប់ត្រូវបង់ ៥០០០រៀលនោះ គេបង់២ដុល្លារ ឬ១ម៉ឺនរៀល ប៉ុន្តែពួកគេមិនយកលុយអាប់ទៅវិញក៏មានដែរ។

ទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការបំភ្លឺនេះលោក ឱម យ៉ិនទៀង បានធ្វើលិខិតមួយជូនទៅ លោកស្រី ដាន់ ចន្រ្ទាវតី។ នៅក្នុងលិខិតផ្សព្វផ្សាយរបស់ ACU ស្តីពីការបំភ្លឺរបស់ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី ដាន់ ចន្រ្ទាវតី បានសរសេរថា «ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតទៅលោកស្រី ដាន់ ចន្រ្ទាវតី ដោយតម្រូវឱ្យលោកស្រី ដាន់ ចន្រ្ទាវតី ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ត្រូវមានឆន្ទៈច្បាស់លាស់ដោះស្រាយប្រាក់សេសកន្ទុយ ដោយរៀបចំឱ្យមានយន្តការច្បាស់លាស់ កុំបន្លែបន្លំយករឿងតូចបិទបាំងរឿងធំ»

ខាងក្រោមនេះជា លិខិតផ្សព្វផ្សាយរបស់ ACU ស្តីពីការបំភ្លឺរបស់ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោកស្រី ដាន់ ចន្រ្ទាវតី៖