(ព្រះសីហនុ)៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានរិះគន់ចំៗ និងយ៉ាងខ្លាំងអំពីតម្លៃសណ្ឋាគារ ផ្ទះសំណាក់ សេវាកម្ម និងទំនិញផ្សេងៗ ក្នុងខេត្តព្រះសីហនុ ចាប់ផ្ដើមឡើងថ្លៃលើសតម្លៃធម្មតាពីរដង អំឡុងពេលព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យចូលឆ្នាំសកលខាងមុខនេះ។

លោក ផៃ ស៊ីផាន បានលើកឡើងជាសាធារណៈបែបនេះ ធ្វើឡើងក្នុងពេលលោកចុះបេសកកម្មបំពេញការងារ នៅខេត្តព្រះសីហនុ។

លោក ផៃ ស៊ីផាន បានត្អូញត្អែរថា៖ «ខ្ញុំទទួលបាននូវបញ្ជាបេសកកម្មទៅក្រុងព្រះសីហនុ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការដំឡើងថ្លៃរបស់សណ្ឋាគារ និងផ្ទះសំណាក់យ៉ាងហោចទ្វេដង ពីតម្លៃធម្មតា»

មិនត្រឹមតែប៉ុណ្ណោះ លោកបានរិះគន់ថា រាល់ឱកាសបុណ្យរបស់បរទេសជាទម្លាប់មានបញ្ចុះតម្លៃជាភាគរយតិចច្រើន ដើម្បីទាក់ទាញអតិថិជន ចំណែករាល់ពិធី បុណ្យជាតិខ្មែរម្ដងៗ អាជីវករ ម្ចាស់អាជីវកម្ម សេវាកម្ម បែរជានាំគ្នាប្រឹងដំឡើងថ្លៃទំនិញ សេវារបស់ខ្លួនទៅវិញ។ លោកបានសង្កត់ធ្ងន់ថា «តើពាក្យថា បុណ្យ មានន័យថា ជាការដំឡើងថ្លៃសេវាកម្មស្របច្បាប់ឬ?»

សូមជំរាបថា កាលពីពេលកន្លងទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានអំពាវនាវដល់អាជីវករ ម្ចាស់អាជីវកម្ម សេវាកម្មនានា សូមកុំដំឡើងថ្លៃទំនិញ ផលិតផល សេវាកម្មរបស់ខ្លួន ក្នុងឱកាសបុណ្យសមុទ្រ បុណ្យទន្លេ និងបុណ្យជាតិនានា៕