(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានបើក ប្រតិបត្តិការ ចុះបង្ក្រាបករណីចោរកម្ម និងចែកចាយគ្រឿងញៀន រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់ ក្នុងនោះមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់។

ជាមួយគ្នានេះ ក្រោយប្រតិបត្តិការ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដកហូតថ្នាំញៀន ១៤កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន៣កញ្ចប់។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនលើកទី១ បានធ្វើឡើង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦  នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បែន សុភារី ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតបាន វត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ ស្មើ 13,50ក្រាម ។

ក្រោយបង្ក្រាបករណីនេះរួចមក កម្លាំងនគរបាល នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ស្ថិតនៅក្រុមទី៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង២នាក់រួមមាន ទី១ឈ្មោះ សេង តូ ភេទប្រុស អាយុ៣៤ ឆ្នាំនិងទី២ ឈ្មោះ សៀង ភារ៉ា​ ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន មេតំហ្វេតាមីន២ កញ្ចប់ធំ និង១១កញ្ចប់តូច។

សម្រាប់ករណីចោរកម្ម កម្លាំងនគរបាល នៅរសៀល​២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំង​ជំនាញបាន ឃាត់ខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមមាន: ទី១ឈ្មោះ ពៅ វាសនា ហៅ តូរ៉ូ  ភេទប្រុស អាយុ១៧ឆ្នាំ ទី២ ឈ្មោះ ភី ដារា ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣ ឈ្មោះ ហាក់ តាក់ ភេទ ប្រុស អាយុ២៣ឆ្នាំ ពីបទលួចសម្ភារជនបទេសតាមឆ្នេរសមុទ្រ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រៅពីការបង្ក្រាបបទល្មើសគ្រឿងញៀន និងចោរកម្មខាងលើនេះ កម្លាំងការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកបានការពារ តាមគោលដៅសំខាន់ៗ និងចេញល្បាតការពារសន្តិសុខ តាមទីប្រជុំជនតាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ អាជីវកម្មវីង តំបន់ស្មុគ្រស្មាញ និងតាមឆ្នេរសមុទ្រ។

ដោយឡែកកម្លាំងចុះត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ តាមគោលដៅក្រុង-ស្រុក ហើយកម្លាំងជំនាញចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណ និងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ខណ:កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង២៧ បានចាត់តាំង កម្លាំងប្រចាំការ ចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនផងដែរ៕