(បន្ទាយមានជ័យ)៖ សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានចាត់ឲ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរជាមួយ នឹងថ្នាក់ដឹកនាំ-មន្ត្រី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះទៅធ្វើពិធីសម្ពោធសមិទ្ធផលថ្មី ដែលរួមមាន ស្រះទឹក អណ្ដូងស្នប់ និងបង្គន់អនាម័យ​ របស់កាកបាទក្រហមកម្ពុជា ក្នុងការដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងការដាក់ជូនឲ្យប្រជាពលរដ្ឋប្រើប្រាស់នេះរួមមាន៖ ទី១៖ ស្រះទឹក១កន្លែង ទំហំ៣០ម៉ែត្រ x ៥០ម៉ែត្រ មានជម្រៅ ៥ម៉ែត្រ ដែលស្រះទឹកនេះ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បាន សរុបប្រមាណចំនួន ៧៤គ្រួសារ ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទី២. អណ្តូងស្នប់ចំនួន៤ ដែលអាចឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បានសរុបចំនួន ៩៥គ្រួសារ ស្ថិតនៅក្នុងភូមិអូរឬស្សី ១កន្លែង ភូមិអូរនាង ១កន្លែង ភូមិសិលាខ្មែរ ១កន្លែង និងភូមិទំនប់ដាច់១កន្លែង និងទី៣.បង្គន់អនាម័យចំនួន១៧៩ ប្រគល់ជូនប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ នៅក្នុងភូមិចំនួន៧ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។

បន្ទាប់ពីពិធីប្រគល់សមិទ្ធផលនេះរួចមកលោកស្រី អគ្គលេខាធិការ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ តាមខ្នងផ្ទះដល់ចាស់ជរាគ្មានទីពឹង និងអ្នករស់នៅជាមួយ មេរោគអេដស៍ចំនួន ៤គ្រួសារ ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ស្តរស១គីឡូក្រាម ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ប្រេងឆា៣ដប សារុង១ មុង១ ភួយ១ ក្រមា១ ក្រណាត់ស១ និងថវិកាមួយចំនួន។

ប្រជាពលរដ្ឋជាអ្នកទទួលផលទាំងអស់ខាងលើនេះ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ដែលបានឆ្លើយតបចំពោះពួកគាត់ទាំងអស់គ្នា នៅបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ នារដូវប្រាំងខាងមុខនេះ និងសូមជូនពរសម្តេច សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕