(ភ្នំពេញ)៖ ទីប្រឹក្សាសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង អគ្គនាយកក្រុមហ៊ុន KH Niron និងជាជំនួយការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាល និងនាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋ ៦០០គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កម្មវិធីត្រូវបានរៀបចំឡើង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងវត្តសិរីសោភា ហៅវត្តចន្លាត់ដៃ ស្ថិតក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ។

តំណាងប្រជាពលរដ្ឋ បានលើកឡើងនូវការថ្លែងអំណរគុណដល់លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ ការខ្វះខាតទាំងឡាយ ដែលប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ។ នាពេលថ្មីនេះ លោកឧកញ៉ា ជា លាងហុង ក៏បានជួយឧបត្ថម្ភគ្រួសារ ដែលមានជំងឺដាច់សសៃ ឈាមក្នុងខួរក្បាល ដោយបានឧបត្ថម្ភជាថវិកាក្នុងការព្យាបាលផងដែរ។

លោកឧកញ៉ា ជា លាងហុង បានផ្តាំផ្ងើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណ ចូលរួមអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ។

លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងនូវការផ្តាំផ្ងើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងជំរុញការងារអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនលើគ្រប់វិស័យ។

លោកឧកញ៉ា ឡូវ ហ៊ឹង បានលើកឡើងនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ អាកាសយានដ្ឋាន ស្ពាន លូ មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធធារាសាស្រ្តតូចធំខ្វាត់ខ្វែង នៅទូទាំងប្រទេស បង្កភាពងាយស្រួលដល់ប្រជាកសិករធ្វើស្រែ និងប្រកបរបរកសិកម្ម ព្រមទាំងប្រើគ្រឿងយន្តកសិកម្មទំនើបៗ តាមគ្រួសារជំរុញឲ្យការធ្វើស្រែ កាន់តែមានលក្ខណៈស្របតាមបែបផែនប្រព័ន្ធប្រពលវប្បកម្ម ដើម្បីទទួលបានទិន្នផលខ្ពស់ ធានាបានទំាងសន្តិសុខស្បៀងក្នុងស្រុក និងការនាំចេញអង្ករទៅលក់នៅក្រៅប្រទេស។

លោកឧកញ៉ា ឡូវ ហ៊ឹង បានផ្តាំផ្ងើដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសគណបក្ស ដែលខិតខំប្រឹងប្រែង នាំមកនូវសុខសន្តិភាព​ ស្ថិរភាព សុភមង្គល ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។

នៅថ្ងៃដដែលនេះ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា ជា លាងហុង ក៏បានចុះពិនិត្យការការជួសជុលផ្លូវលំ ១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំចន្លាត់ដៃ ដែលបានកំពុងបើកការដ្ឋានជួសជុល ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ៕