(កំពង់ស្ពឺ)៖ សមត្ថកិច្ចចម្រុះ រួមមានកងកម្លាំងកងរាជអាវុធហត្ថខេត្ត ជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ និងក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមត្រួតពិនិត្យនិងវាស់វែងឈើនៅក្នុងឃ្លាំងយ៉ាងតិចមានចំនួន៨ទីតាំង របស់ឈ្មួញឈើ ជឿង ថេង ដែលគេដឹងថា ឈ្មួញរូបនេះបានដឹកឈើបំផ្លាញស្ពាននៅខេត្តកំពត កាលពីពេលកន្លងទៅ។

ប្រតិបត្តិការនេះ បានធ្វើឡើង វេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ទីតាំងស្តុកឈើខាងលើនេះ ត្រូវបានគេដឹងថា ជាឃ្លាំងរបស់ឈ្មោះ ជឿង ថេង ដែលសមត្ថកិច្ចបានចុះឆែកឆេរកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ក្នុងនោះ ជាបឋមសមត្ថកិច្ចបានរកឃើញទីតាំងលាក់ឈើ៩កន្លែងនៅក្នុងឃ្លាំងដ៏ធំនេះ ដោយឈ្មួញប្រើរូបភាពដាក់នៅក្នុងឃ្លាំង នៅក្នុងរោង ទីវាល កន្លែងខ្លះយកឈើប្រណីតដាក់ខាងក្រោម លើកអុសដាក់គរពីលើ និងស្តុកនៅក្នុងរថយន្តកូរ៉េ រថយន្តឃ្លប់បិទស្លាកយីហោផលិតផលភេសជ្ជៈកូរ៉េ និងដាក់នៅក្នុងស្រះទឹកជាដើម។

គួររំលឹកថា មេឈ្មួញឈ្មោះ ជឿង ថេង នេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានប្រើរថយន្តយីឌុប១គ្រឿង ដឹកឈើប្រភេទរាជកុល (ម្រិញ) ចំនួន៣៨ម៉េត្រគូប និង៧៧៣ថ្លាន មកដល់ចំណុចស្ពានតា ណី ស្ថិតនៅក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យបាក់ស្ពានដែក ដោយសារតែការផ្ទុកលើសទម្ងន់ និងគឃ្លើននឹងផ្លូវច្បាប់ ដឹកឈើល្មើសច្បាប់ បានធ្វើឲ្យបទល្មើសមួយនេះ ល្បីកក្រើករងការរិះគន់ពីមហាជនទូទាំងប្រទេស។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេត លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ជឿង ថេង បញ្ជូនមកអយ្យការ ហើយធ្វើសេចក្តីសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរតាមដីការ២២២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ពីបទប្រើប្រាស់យានយន្តដឹកជញ្ជូនទំនិញ ដែលផ្ទុកលើសទម្ងន់ធ្វើឲ្យបាក់ស្ពាន តាមប្បញត្តិមាត្រា៦០ មាត្រា៧៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ទៅចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានឃុំខ្លួនតាមនីតិវិធី។

រីឯសំណុំរឿងមួយទៀត ដែលនៅរដ្ឋបាលព្រៃឈើ ឈ្មោះ ជឿង ថេង បានយល់ព្រមបង់ពិន័យអន្តរការណ៍ទៅតាមគោលការណ៍រដ្ឋកំណត់។ សំណងថ្លៃស្ពានបាក់ចំនួន២០០លានរៀល និងបង់ប្រាក់ពិន័យចំនួន២២២.២២០.០០០រៀល ទើបនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ តុលាការបានអនុញ្ញាតឲ្យ ជឿង ថេង បាននៅក្រៅឃុំបណ្តោះអាសន្ន។

ក្រោយចេញពីពន្ធនាគារ ឈ្មួញរូបនេះនៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ និងមានទ្រង់ទ្រាយធំជាងមុន គ្រាន់តែ បង្កើតទីតាំងធ្វើអាជីវកម្មប្តូរប្រាក់វីងនៅខាងមុខ ដោយឡែកទីតាំងនៅខាងក្នុង ដែលមានទំហំដីជិត២ហិកតា សុទ្ធតែជាកន្លែងយុទ្ធសាស្ត្ររក្សាទុកឈើល្មើសច្បាប់ ដែលគេទទួលស្គាល់ថា ឈ្មួញ ជឿង ថេង គឺជាអ្នករកស៊ីឈើល្មើសច្បាប់ទ្រង់ទ្រាយធំ ប្រចាំស្រុកឱរ៉ាល់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ៕