(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ រួមមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅផ្ទះជួលលេខ២២៣អា ២២៣សេ និងផ្ទះជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រោយការចុះត្រួតពិនិត្យ ក្រុមការងារ បានឃើញមានជនជាតិវៀតណាមចំនួន៣៨នាក់។

បើតាមលោកឧត្តមសេនីយ៍ទោ ជនជាតិវៀតណាមទាំងនេះ មានលិខិតឆ្លងដែនមានសុពលភាពចំនួន៣៨ក្បាល, ទិដ្ឋាការស្នាក់នៅមានសុពលភាព, គ្មានសៀវភៅការងារត្រឹមត្រូវ ទាំង៣៨នាក់ និងដកហូតយកលិខិតឆ្លងដែន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីប្រគល់ទៅឲ្យនាយកដ្ឋានវិនិយោគឯកជន ធ្វើការផាកពិន័យតាមច្បាប់ការងារ៕