(ភ្នំពេញ)៖ ក្រៅពីលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានបំណងបិទគណនីហ្វេសប៊ុក (Account Facebook) របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ, ពីសំណាក់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវថា មិនត្រូវប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធ និងចាក់បញ្ចាំងភាពយន្តឯកសារខ្លី នៃគម្រោង Project 3 រដូវកាលទី២ របស់ក្រុមនិស្សិតដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ (DMC) ជំនាន់​ទី១៣ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមជាសហអធិបតីភាពពី លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសអ្នកប្រើគណនីហ្វេសប៊ុក គួរចេះប្រើប្រាស់មធ្យោបាយនេះឲ្យបានសមស្រប និងត្រឹមត្រូវតាមច្បាប់ តាមក្រមសីលធម៌សង្គម មិនត្រូវប្រើប្រាស់ធ្វើឲ្យបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ។

លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យនិស្សិត ដែលសិក្សានៅក្នុងដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ត្រូវខិតខំពង្រឹងការសិក្សាលើផ្នែកចំណេះដឹងទូទៅ បន្ថែមទៀត ព្រោះពួកគេភាគច្រើនផ្ដោតតែទៅលើបច្ចេកវិទ្យា ដែលចំណុចនេះលោកបានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកកាសែតចំណេះដឹងទូទៅសំខាន់ណាស់ ដើម្បីវាស់ថា តើដំណឹងនោះត្រឹមត្រូវទេ ការវិភាគនោះត្រឹមត្រូវទេ គេឲ្យយោបល់មកត្រូវទេ ជារឿងសំខាន់»

បញ្ហានេះត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្ដល់អនុសាសន៍ថា និស្សិតទាំងអស់ត្រូវសិក្សាស្វែងយល់បន្ថែមខ្លួនឯង ឧស្សាហ៍អានអត្ថបទឲ្យបានច្រើន ពិសេសគឺចំណេះដឹងផ្សេងៗ ដើម្បីងាយស្រួល ក្នុងការចោះយកសម្ដីសំខាន់ៗពីអ្នកនិយាយ និងយកទៅផ្សព្វផ្សាយបន្តទៀត៕