(រតនគិរី)៖ រថយន្តដឹកឈើអារសំរាប់ផ្គត់ផ្គង់ក្នុងស្រុកចំនួន២គ្រឿងរបស់ក្រុមហ៊ុន ពេជ្រ ឬទ្ធសី ដឹកចេញពីក្រុមហ៊ុន នៅស្រុកលំផាត់ ខេត្តរតនគិរី យកទៅដាក់តាមដេប៉ូនៅស្រុករមាសហែក ខេត្ត ស្វាយរៀង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ឃាត់ត្រួតពិនិត្យច្បាប់ដឹកជញ្ជូន។

ក្រោយមន្ត្រីរដ្ឋបាលព្រៃឈើឃាត់មិនទាន់ធ្វើការត្រួតពិនិត្យផង ស្រាប់តែមានព័ត៌មានមួយចំនួនបានធ្វើការចោទប្រកាន់ថា ក្រុមហ៊ុន ពេជ្រ ឬទ្ធសី ក្លែងបន្លំឯកសារដឹក​ជញ្ជូនឈើល្មើសច្បាប់​ទៅវិញ​ដោយ​ធ្វើអោយប៉ះពាល់​ដល់កិត្តិយសក្រុមហ៊ុន​ដែលរកសុីមានច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ។

លោក ធី ឬទ្ធសី ប្រធានក្រុមហ៊ុន ពេជ្រ ឬទ្ធសី​ បានចេញមុខធ្វើការបំភ្លឺជាសាធារណៈថា តាមពិតរថយន្តដឹកឈើទាំងពីរគ្រឿងដែលដឹកចេញពីស្រុកលំផាត់ឆ្ពោះទៅ ខេត្តស្វាយរៀងនោះ​គឺជាឈើអារ​មាន​ច្បាប់ដឹកចេញពីក្រុមហ៊ុន មានមន្ត្រីរដ្ឋបាលព្រៃឈើលំផាត់ត្រួតពិនិត្យកាត់ PC និងបង់ពន្ធត្រឹមត្រូវមិនមានការក្លែងបន្លំឯកសារ ដូចការចោទប្រកាន់នោះទេ។

មិនតែប៉ុណ្ណោះពេលមន្ត្រីរដ្ឋបាលព្រៃឈើស្ទឹងត្រែងឃាត់ត្រួតពិនិត្យ និងវាស់វែងគឺរថយន្តមួយគ្រឿងលើសពីច្បាប់អនុញ្ញាត តែជាង១ផ្លានប៉ុណ្ណោះ និងមួយគ្រឿងទៀតដឹកលើស​ពីច្បាប់អនុញ្ញាតជាង​៥ម៉ែត្រគូប ដែលករណីលើសបែបនេះគឺដោយសារ តែបច្ចេកទេសវាស់វែងខុសគ្នា ព្រោះឈើអារដែលអតិថិជនកំម្មង់ទិញ ក្រុមហ៊ុនតែងតែកាត់ប្រវែងលើសពី ពីរឬទៅ៣តឹកក្នុង១សន្លឹកៗដើម្បីបង្កាបែក ប្រេះជាដើម។

ដូច្នេះពេលវាស់ឈើប្រសិនបើឈើមួយសន្លឹកប្រវែង២ម៉ែត្រ២តឹក ឬ២ម៉ែត្រ៣តឹក គេគិតតែចំនួនគត់ប៉ុណ្ណោះ តែពេលមេព្រៃខេត្តរតនគិរី វាស់គឺមិនបានចោលកន្ទុយពីរ​តឹកបីតឹកនោះទេ ដូចនេះ​ហើយ​ទើបធ្វើ​ឲ្យពេលបូកតួលេខសរុបឃើញលើសរហូតដល់ទៅជាង៥គូបដូច្នេះហើយ តែទោះជាដូច្នេះ ក្ដីក្រុមហ៊ុននៅតែបង់ពន្ធ និងបង់ពិន័យចំនួនឈើដែលលើសទៅតាមច្បាប់ព្រៃឈើរួចរាល់អស់ហើយ។

អ្វីដែលក្រុមហ៊ុនចង់បំភ្លឺទៅសាធារណជនឲ្យបានយល់នោះ គឺឈើដែលក្រុមហ៊ុនដឹកមានច្បាប់ត្រឹមត្រូវ មិនបានក្លែងបន្លំឯកសារដូចការចោទប្រកាន់នោះឡើយ៕