(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទចំនួន៣នាក់ ដែលប្រព្រឹត្តអំពើចោរកម្ម និងទទួលផលចោរកម្ម ដែលពួកនេះ ត្រូវបានលោកវរសេនីយឯក ជាវ វិបុល នាយការិយាល័យអន្តរាគមន៍ នៃនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា ជាមុខសញ្ញាលួចកាច់សោរកម៉ូតូដ៏សកម្ម ក្នុងរាជធានីភ្នំពេញ។

ការសម្រេចចោទប្រកាន់នេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដែលជនជាប់ចោទទាំង៣នាក់នោះទី១.ឈ្មោះ ម៉ៅ សុខុម ហៅតាបេ អាយុ៦១ឆ្នាំ រស់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឯស្សីកែវ ទើបតែចេញពីពន្ធនាគារខេត្តតាកែវ, ទី២.ឈ្មោះ ហូន ម៉េងហ៊ាង អាយុ២៤ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាជាងផ្សារដែកផង ធ្វើចោរលួចផង, ទី៣.ឈ្មោះ សាំង ភារុណ អាយុ២៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ សម្ភារដែលដកហូតបាន មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ កណ្ដាល 1O-5097។

លោកវរសេនីយឯក ជាវ វិបុល បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីកាច់សោរកម៉ូតូ កើតឡើងជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ពីករណីនេះមកសមត្ថកិច្ច ជាបន្តបន្ទាប់ដែរ។

ក្រោយពីបានទទួលពាក្យបណ្ដឹង លោកវរសេនីយឯក ជាវ វិបុល បានដឹកនាំកម្លាំងស្រាវជ្រាវ និងកំណត់មុខសញ្ញាលួចនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ក៏បានចាប់ខ្លួន​មុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ដោយរឹបអូសម៉ូតូ ដែលក្រុមជនល្មើសទើបតែបានលួចយកពីជនរងគ្រោះឈ្មោះ សេក ផល្លី អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យបានសារភាពពីសកម្មភាពលួចនេះ ក្នុងពេលឃាត់ខ្លួនបញ្ជូនឡើងតុលាការ ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន៕