(តាកែវ)៖ លោក មូល វិចិត្រ អភិបាលក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានព្រមានចាត់វិធានការក្ដៅ តាមផ្លូវច្បាប់ ចំពោះអ្នកម៉ៅភាស៊ីណា ដែលមិនអនុវត្តតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ពោលគឺនៅតែបន្តយកថ្លៃភាស៊ី ពីប្រជាពលរដ្ឋដែល លក់ដូរបន្តិចបន្តួច តាម កញ្ច្រែង កញ្ជើ និងល្អី។

ការព្រមានយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវបានធ្វើឡើងក្នុងពេលលោក បានចុះទៅអប់រំ និងផ្សព្វផ្សាយចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការបញ្ឈប់ឲ្យយកភាស៊ី ពីក្រុមប្រជាពលរដ្ឋក្រីក្រ ដែលលក់បន្លែ និងផលិតផលបន្តិចបន្តូច ដោយដាក់តាមកញ្ច្រែង កញ្ជើ ល្អី តាមផ្សារនៅទូទាំងប្រទេស ដល់ក្រុមអ្នកលក់ដូ និងអ្នកម៉ៅការភាស៊ី នៅក្នុងផ្សារតាកែវ។

លោក មូល វិចិត្រ បានថ្លែងថា «អាជ្ញាធនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងពួកគេ បើពួកគេនៅតែបន្តយកថ្លែភាស៊ីអ្នកដូតាមកញ្ច្រែង កញ្ជើ ល្អី តទៅទៀត ហើយពួកគេនឹងអស់សិទ្ធិក្នុងការយកភាស៊ី ជាក់ជាពុំខាន»

លោកអភិបាលក្រុងដូនកែវ បានបន្តថា ថ្ងៃនេះអាជ្ញាធរក្រុងក៏បានចុះមកអប់រំ និងបានផ្សព្វផ្សាយសារាចរនេះ ដល់ប្រជាពលរដ្ឋជាអ្នក លក់ដូបន្តិចបន្តួច និងអ្នកម៉ៅការភាស៊ីផងដែរ ហើយអាជ្ញាធរក្រុងនឹងបន្តតាមដាននៅគ្រប់ផ្សារ នៅក្នុងក្រុងដូនកែវ ពីបញ្ហាយកភាស៊ីនេះ។

លោកបានប្ដេជ្ញាចិត្តថា នឹងអនុវត្តឲ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការបញ្ឈប់ការយកភាស៊ី ពីប្រជាពលរដ្ឋលក់ដូតាម កញ្ច្រែង កញ្ជើ ល្អី ឲ្យមានប្រសិទ្ធភាព ព្រោះសារាចររបស់រាជរដ្ឋាភិបាលនេះ គឺពិតជាបានជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ បានមួយកម្រិតទៀតយ៉ាងពិតប្រាកដ៕