(បាត់ដំបង)៖ មីនតោនបន្សល់ពីសម័យសង្រ្គាមក្នុងភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីព្រំ ដែនថៃ បានផ្ទុះឡើងកក្រើកព្រៃបណ្តាលឲ្យកសិករពីរនាក់ រងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងធ្វើដំណើរពី ភ្នំពេញចុះទៅកន្លែងកើតហេតុថា មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ាស៊ីនបោកស្រូវចូលទៅបោកស្រូវក្នុងស្រែរបស់ខ្លួន តែអកុសលបានកិនលើមីនតោនសល់ពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះតែម្តង។

បើតាមលោក សេរី កុសល ការផ្ទុះនេះ បណ្តាលឲ្យ ភ្លាន វុធ អាយុ ២៨ឆ្នាំ របួសចំជើងខាងស្ដាំធ្ងន់ធ្ងរ និង លោក សយ សុគា អាយុ២៤ឆ្នាំ មុខរបរស្រែរចំការ រងរបួសស្រាលចំមុខ និងចង្កេះ។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងដែរថា ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារ និងអាជ្ញាធរបានបញ្ជូនជនរងគ្រោះដឹកបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រោយកើតហេតុនេះលោកទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរពីរាជធានីភ្នំពេញ ចុះទៅកាន់កន្លែងកើតហេតុ។ ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាទៅកងកម្លាំងដោះមីនឲ្យចុះទៅរាវរកគ្រាប់មីននៅជិតកន្លែងកើតហេតុ ក្រែងមានគ្រាប់មីន ដទៃទៀតនៅសេសសល់បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី បានពន្យល់ថា «យុទ្ធសាស្រ្តរបស់ទ័ពព្រៃ តែមានដាក់គ្រាប់នៅកន្លែងហ្នឹងមួយហើយ នឹងមានដាក់គ្រាប់នៅក្បែរៗ នោះដែរ។ ដូច្នេះខ្ញុំបានបញ្ជាឲ្យកងកម្លាំងដក់មីននៅខេត្តបាត់ដំបូង ចុះទៅរាវរកមីននៅក្បែរៗនោះទៀត កុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដទៃទៀត»

បើទោះបីប្រទេសកម្ពុជា ត្រូវបានបញ្ចប់សង្រ្គាមទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨មកក្តី តែគ្រាប់មីនបន្សល់ពីសម័យសង្រ្គាម ជាច្រើនទសវត្សរ៍មកនោះ នៅតែបន្តយាយីជីវិតប្រជាពលរដ្ឋកម្ពុជាស្ទើរតែរៀងរាល់ថ្ងៃមកដល់ពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ អាជ្ញាធរមីន និង កងកម្លាំងបោសសំអាតមីន CMAC បានប្រឹងប្រែងខ្លាំងក្នុងការបោសសំអាតមីននៅកម្ពុជា និង បានជួយកាត់បន្ថយអត្រារងគ្រោះដោយសារមីនផងដែរ។

របាយការណ៍របស់អាជ្ញាធរមីន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាសម្រេចបានការបោសសំអាតមីន និងគ្រាប់លើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រការ៉េ ក្នុងនោះបោសសំអាតមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង ២លាន ៦សែនគ្រាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤,៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹមក្រោម ២០០នាក់នៅឆ្នាំ២០១២ និង មកត្រឹម ៧៥នាក់ គិតត្រឹមខែតុលា ឆ្នាំ២០១៦។

បច្ចុប្បន្នកម្ពុជា នៅសេសសល់លើផ្ទៃដីប្រមាណ ១,៩៤៦គីឡូម៉ែត្រក្រឡាទៀត ដែលមិនទាន់បោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ កម្ពុជាបានដាក់ចេញទិសដៅបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះឲ្យអស់នៅក្នុងឆ្នាំ២០២៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក៕