(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣៦៩ ខណ្ឌច្បារអំពៅ បានរអ៊ូរទាំ និងសំដែងការមិនសប្បាយចិត្ត ព្រោះតែឡានដឹកដីរបស់យាយអូន មិនខ្វល់ខ្វាយពីបរិស្ថានឡើយ ពោលគឺដឹកដីដោយមិនគ្របត្រឹមត្រូវ យកមកចាក់បំពេញដីរបស់ខ្លួន នៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយពេលឡានបើកចេញវិញ ដីដែលជាប់កង់ឡាន បានប្រលាក់ប្រតាកជាប់ថ្នល់ជាតិយ៉ាងច្រើនចេញជាខ្សែកាត់ តាមបណ្ដោយផ្លូវ៣៦៩នេះតែម្តង។

បញ្ហានេះជាហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដូចជាបង្កការរអិលដួលសំរាប់អ្នកម៉ូតូ កង់ ហើយពេលស្ងួតវិញ ហុយនោះហុយ និងកកក្ដាំងអាចម៌ដីទាំងដុំៗទៀតផង។

ប្រជាពលរដ្ឋតាមមូលដ្ឋាន និងធ្វើដំណើរតាមកំណាត់ផ្លូវមួយនេះបាន និយាយថា គេឃើញសកម្មភាពដឹកនេះ ជាយូរមកហើយ គឺឃើញដឹកអាចម៌ដី យកមកចាក់លើដីខ្លួន នៅជាប់មាត់ទន្លេបាសាក់ ហើយពេលឡានបើកចេញវិញ អាចម៌ដីប្រលាក់ជាប់ថ្នល់ជាតិ ដែលមើលទៅគ្មានសោភណ្ឌភាពទាល់តែសោះ និងអាចបង្កគ្រោះថ្នាក់ថែមទៀតផងពេលភ្លៀងមក ពោលគឺរអិល បើស្ងួតវិញ គឺហុយ ខណៈផ្លូវនេះមន្ទីរសាធារណការ រាជធានី ទើបនឹងស្ថាបនាពង្រីកបានស្អាត តែបែរជាខូចបរិស្ថាន ដោយសារតែឡានយាយអូនទៅវិញ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌច្បារអំពៅ មេត្តាចាត់វិធានការ ហៅយាយអូន មកអប់រំផង ព្រោះទង្វើមិនខ្វល់ពីទុក្ខលំបាកអ្នកដ៏ទៃរបស់យាយអូន ហាក់នៅដដែល។

បើតាមមន្រ្តីអាជ្ញាធរលួចបង្ហើបថា ឈ្មោះយាយអូននេះ ជាឈ្មួញរកស៊ីដឹកដី មានគ្រឿងចក្រ១កំប្លេ និងឡានដឹកខ្នាតធំមានជាង១០គ្រឿងឯណោះ ដែលក្រុមឡានរបស់យាយអូន ក៏ធ្លាប់បានធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋ រស់នៅសង្កាត់និរោធ និងសង្កាត់ព្រែកប្រាដែរ ដោយបានដឹកដីគំទេចផ្លូវបេតុង ឆ្ពោះទៅកាន់ភូមិអូរអណ្ដូង១ បង្កភាពហុយទ្រលោម ប៉ះពាល់សុខភាពប្រជាជន ហើយគិតមកដល់បច្ចុប្បន្ន ផ្លូវនោះបានខូចខាតខ្ទេចខ្ទីអស់ហើយ៕