(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម មន្រ្តីកាំកុងត្រូលសាខា អាកាសយាន្តអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្ដចុះត្រួតពិនិតទំនិញ ដែលដាក់លក់នៅផ្សារជម្ពូវ័ន្ដ និងផ្សារចោមចៅ ខណ្ឌពោធិសែនជ័យ។

លោក តែ អ៊ិតលាង អនុប្រធានសាខាកាំកុងត្រូលអាកាសយាន្ដដ្ឋាន ដែលដឹកនាំចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ គោលបំណង ទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារ ដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់។

លោកអនុប្រធានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ មន្រ្តីកាំកុងត្រូល ផ្ដោតសំខាន់លើទំនិញម្ហូបអាហារដូចជា ប្រហិតមូល, ប្រហិតថៃ, ណែម, ទឹកខ្មេះ, មឹកក្លាសេ, បង្គាក្លាសេ, ឈាមជ្រូក, សាច់ជ្រូក, សាច់ប៉ាតេ ដោយយកមកធ្វើតេស្ដពិសោធន៍ភ្លាមៗ នៅរថយន្ដពិសោធន៍ ចល័តរបស់អគ្គនាយកដ្ឋាន ជាលទ្ធផលពុំឃើញមានលាយសារធាតុគីមីហាមឃាត់នោឡើយ។

ជាមួយគ្នានេះដែរ លោកអនុប្រធាន ក៏បានអំពាវនាវ ដល់ក្រុមអាជីវករទាំងអស់ ដែលលក់ទំនិញ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ ដល់សុខភាពដោយ សារមានជាតិគីមី នៅក្នុងទំនិញ។

បន្ថែមពីនេះ មន្ដ្រីជំនាញក៏បានអប់រំ ផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារដល់អាជីវក និងការទទួលខុសត្រូវរបស់អាជីវករ ក្នុងការលក់ដូរផងដែរ៕