(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា សៀវភៅ «កំណែទម្រង់វិស័យ អប់រំនៅកម្ពុជា» មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាព ជាសៀវភៅមួយក្បាល ដែលតាក់តែងឡើង ដើម្បីបង្ហាញពីវិស័យអប់រំ គ្រប់សម័យកាល តាំងពីបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក ហង់ ជួនណារ៉ុន សៀវភៅមួយនេះ ក៏ជួយចូលរួមចំណែកយ៉ាងពេញទំហឹងក្នុងការពង្រឹងវិស័យអប់រំ ឲ្យមានសន្ទុះខ្លាំងក្លា ជាងមុនផងដែរ ក្រៅពីការសហការនិងចូលរួមចំណែកពីមន្រ្តីអប់រំ និងស្ថាប័នពាក់ព័ន្ធ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីផ្សព្វផ្សាយសៀវភៅ «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិនិងវិបុលភាព» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦  នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ហង់ ជួនណារ៉ុន បានប្រាប់អ្នកសារព័ត៌មានថា «ចំណុចពិសេសនៃសៀវភៅនេះ គឺបានបង្ហាញពីការវិលត្រលប់ទៅរកវិស័យអប់រំ កាលពីអតីតកាល ស្ទើរគ្រប់សម័យកាល ក្នុងនោះ មានដូចជា សម័យមុនចាប់តាំង ពីស.វទី១ សម័យអង្គរ សម័យលង្វែក សម័យបារាំង សម័យសម្តេចនរោត្តម សីហនុ សម័យខ្មែរក្រហម រហូតមកដល់ពេល បច្ចុប្បន្ននេះ ហើយក៏ចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាបន្ថែមទៀត។ខ្ញុំយល់ឃើញថា សៀវភៅនេះ នឹងមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទូទៅ បានដឹងថា វិស័យអប់រំនៅកម្ពុជា មានកំណែទម្រង់អ្វីខ្លះតាំងពីបុរាណកាលមក ហើយអាចកែលម្អវិស័យអប់រំត្រង់ចំណុចណាខ្លះ?»

ជាមួយគ្នានោះដែរ លោក ជាត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញ បានប្រាប់ឲ្យដឹងដែរថា លោកគាំទ្រ និងសាទរយ៉ាងកក់ក្តៅ ដែលក្រសួងអប់រំ បានតាក់តែងសៀវភៅ «កំណែទម្រង់វិស័យ អប់រំនៅកម្ពុជា»នេះឡើង ជាការចែកចាយ និងផ្សព្វផ្សាយបន្តឲ្យ យុវជនជំនាន់ក្រោយ បានយល់ដឹងពីវិស័យអប់រំនៅកម្ពុជា មិនមែនតែពេលបច្ចុប្បន្ន តែបានវិលត្រលប់ទៅសម័យបុរាណផងដែរ។

លោក ជាត ជាលី បញ្ជាក់ឲ្យដឹងថា «នេះជាថ្ងៃទី១ ដែលសៀភៅ «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិនិងវិបុលភាព» បានផ្សព្វផ្សាយជាសាធារណ។សៀវភៅនេះ គ្របដណ្តប់គ្រប់វិស័យ គ្រប់ជំនាន់ ហើយបានផ្តល់ឱកាសឲ្យយុវជនយល់ពីប្រវត្តិសាស្រ្ត និងវិស័យអប់រំនៅកម្ពុជា គ្រប់ជំនាន់ ចាប់ពីសតវត្សទី១ ទី២ ទី៣ រហូតដល់ សតវត្សទី១៧ ហើយសៀវភៅនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្ស។សៀវភៅនេះ បានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យមានភាពល្អប្រសើរជាងមុន»

គួរបញ្ជាក់ថា ក្នុងសៀវភៅ «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិនិងវិបុលភាពមានគម្រប់ខាងក្រៅ ជារូបភាពសិលាចារឹកមួយផ្ទាំង។ សិលាចារឹកនេះ មាននៅសតវត្សទី៧ K0127 ជាសិលាដែលស្ថិត នៅប្រាសាទសំបូរ ខេត្តក្រចេះ ជាសិលាចារឹក មានវ័យចំណាស់ជាងគេ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជាផងដែរ។

លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការរចនាបថលើក្របសៀវភៅ ដែលបានដាក់រូបភាពសិលាចារឹកនេះ គឺដើម្បីបង្ហាញឲ្យ សាធារណជនបានដឹងថា វិស័យអប់រំនៅកម្ពុជា មានតាំងពីសម័យមុនមកម្លេះ ហើយឈានដល់ចំណុចកំពូលមុន និងក្រោយ សម័យអង្គរ ហើយនឹងបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀត៕