(ភ្នំពេញ)៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបដិសេធការចោទប្រកាន់របស់លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរថា ប្អូនរបស់ខ្លួនបានស្លាប់ ដោយថ្នាំពុលនៅក្នុងអាហារក្នុងពន្ធនាគារព្រៃស។

ការចេញមុខច្រានចោលព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី លោក សម សេរី ប្រកាសនៅលើទំព័រ Facebook របស់រណសិរ្យរំដោះជាតិខ្មែរ (KNLF) ថា ប្អូន​ប្រុស​របស់​លោក​ឈ្មោះ យាន យឿប (កាល​ពី​ពេល​កាត់​ទោសតុលាការ​ហៅ យ៉ាន យឿន) បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ដោយ​សង្ស័យ​ថា ​មាន​ថ្នាំ​ពុល​នៅ​ក្នុង​អាហារ​ដែល​ប្អូន​លោក​បរិភោគ។

លោក នុត សវនា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះថា «រឿងនេះមិនពិតដូចការលើកឡើង នេះទេ។ កាលពីយប់នោះ អ្នកស្លាប់នោះមានអាការៈមិនស្រួល ដូចជាលើសឈាម។ ភ្លាមនោះអ្នកនៅជិតមានការស្លន់ស្លោ ក៏លើកគាត់ យកទៅសង្គ្រោះបន្ទាន់នៅប៉ុស្តិ៍សុខភាព ប៉ុន្តែដោយការលើកនោះមិនត្រូវតាមបច្ចេកទេស ធ្វើអោយគាត់ដាច់ខ្យល់ស្លាប់ ពេលទៅដល់ ប៉ុស្តិ៍សុខភាព»

លោកបានពន្យល់បន្ថែមថា «កន្លងមកយើងឱ្យអ្នកស្លាប់(យាន យឿប)នោះ សម្រាកនៅផ្ទះបាយ ដោយសារដោះស្រាយបញ្ហា ចង្អៀតណែននៅក្នុងមណ្ឌលផង និងបានជួយចម្អិន អាហារសម្រាប់ជនជាប់ឃុំដទៃទៀតផង ដូច្នេះហើយគាត់គិតតែពីហូប និងមិនសូវចេញមកហាត់ប្រាណដូចអ្នកដទៃទេ»

លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលមានដំណឹងអំពីករណីស្លាប់នេះ ខាងតុលាការ ក៏ដូចជានគរបាលកោសលវិច្ច័យនៅ ក្រសួងមហាផ្ទៃ ក៏បានចុះមកធ្វើ កោសល្យវិច័្ចយផ្ទាល់ មុននឹងយកសពទៅតម្កល់ត្រៀមបូជា មុនបូជាផងដែរ។ លោកថា «យើងក៏រង់ចាំ សាច់ញាតិគាត់ធ្វើដំណើរមកដល់រហូតដល់យប់ ដើម្បីបញ្ជាក់ឱ្យអស់សង្ស័យថា ការស្លាប់របស់គាត់បណ្តាលមកពីមូលហេតុអី។ ខ្ញុំគិតថាការផ្សាយព័ត៌មានខាងលើនេះជាការញុះញង់ដោយគ្មានមូលដ្ឋាន ដើម្បីវាយប្រហារមកលើអជ្ញាធរហើយ»

លោកលើកឡើងថា «ក្នុងនាមជាអ្នកនយោបាយក្នុងទីងងិត ពួកនេះស្អីក៏និយាយទៅរួចដែរអោយតែចំណេញនយោបាយខ្លួន។ កាលគ្នានៅរស់ញុះញង់អោយគ្នាបំរើនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនហើយ ពេលគ្នាស្លាប់ទៅនៅយកមរណភាពរបស់គ្នាមក កេងចំណេញនយោបាយទៀត»

សូមបញ្ជាក់ថា ទណ្ឌិត យាន យឿប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ ក្រោយ​ពី​ចាប់​បញ្ជូន​ខ្លួន​កាល​ពី​ឆ្នាំ​២០១៣ ជាមួយនឹងសមាជិករណសិរ្យរំដោះជាតិខ្មែរ ១២នាក់ផ្សេងទៀត ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពី៥ ទៅ៩ឆ្នាំផងដែរ៕