(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាបណ្តើរៗ តាមផ្លូវជាតិលេខ៥ អាជ្ញាធរ​រាជធានីភ្នំពេញ បានចាប់ផ្តើម​ស្ថាបនា​ផ្លូវ​បេតុងឆ្អឹងដែក តាមផ្លូវ​រថភ្លើងដែល​ចាស់​ទ្រុឌទ្រោម មិន​ដំណើរការ ចាប់ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវជាតិ​លេខ​៥ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋធ្វើ​ដំណើរ​បាន​ស្រួល និង​ជួយដោះស្រាយ​បញ្ហា​គ្រោះ​អគ្គិភ័យ និង​បញ្ហា​ផ្សេងៗ​ទៀង​ផងដែរ​។

ការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងមានប្រជាពលរដ្ឋ ចូលរួមសាទរជាច្រើនរយនាក់។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា ជាដំណាក់កាលទី១ ផ្លូវតាមគន្លងផ្លូវរថភ្លើងដោយចាក់បេតុងអាមេកម្រាស់២០សង់ទីម៉ែត្រ ទទឹង៧ម៉ែត្រភ្លោះ និងស្ថាបនាសួនកណ្តាលទំហំ២,៥ម៉ែត្រ ប្រវែង៤.៥១០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកបន្តថា បើតាមផែនការ ផ្លូវនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥ខែ ហើយដំណាក់កាលទី២ ពង្រីកទទឹងរហូតដល់ ២២ម៉ែត្រ។

លោកប៉ា សុជាតិវង្ស បានឲ្យដឹងថា ការស្ថាបនាផ្លូវថ្មីតាមគន្លងផ្លូវរថភ្លើងនេះ សម្រាប់រំដោះចរាចរចេញពីផ្លូវជាតិលេខ៥ ចេញចូលក្រុង ហើយផ្លូវថ្មីនេះ មានតួនាទីដ៏សំខាន់សម្រាប់បម្រើចរាចរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជុំវិញនេះ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរ និងអត្រាគ្រោះថ្នាក់ចរាចរតាមផ្លូវជាតិលេខ៥ ដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមកំណើនយានយន្តយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ និងដើម្បីចូលរួមចំណែកអនុវត្តន៍ឲ្យបានជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា។

ការដោះស្រាយ ផលប៉ះពាល់​នេះ មិន​តម្រូវ​ឲ្យ​ពលរដ្ឋ ចាក​ចេញពី​តំបន់​នេះឡើយ ដោយ​ប្រើ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​នៅនឹងកន្លែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ និង​កាត់បន្ថយ​ផលប៉ះពាល់ មក​នៅ​កម្រិត​ទាប​បំផុត​។​

​លោកអភិបាលរាជធានី បានសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋ​ ដែលរស់នៅសងខាងកំណាត់ផ្លូវខាងលើ មេត្តាចូលរួមសហការនិងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមការងារការដ្ឋានដើម្បីឲ្យការងារនេះ​ សម្រេចបានតាមផែនការដែលបានគ្រោងទុក និងសំណូមពរឲ្យការដឹកជញ្ជូនកុំឲ្យលើសទម្ងន់ដែលបានកំណត់។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការស្ថាបនាផ្លូវដែកឲ្យក្លាយទៅជាផ្លូវបេតុង ដោយយោងតាមសំណើរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងប្រើរយៈពេល៥ខែ។

លោក​អភិបាលរាជធានី បាន​បន្ថែមថា អនុវត្តន៍​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​​កម្ពុជា ដោយមាន​ចក្ខុវិស័យ ប្រ​ម៉ើ​ល​មើល ឃើញថាផ្លូវដែក​មួយ​ខ្សែ​នេះ លែងមាន​គុណប្រយោជន៍ ឬក៏​អាច​ថា មិនមាន​សកម្មភាព សម្រាប់​ដឹកជញ្ជូន ដូច​ពី​ដើម​ទៀត​ទេ ហើយ​ផ្លូវដែក​នេះ​ទៀតសោត ក៏បាន​ខូ​ត​ខាត​ពុកផុយ មិនអាច​នឹង​ដំណើរ​ផ្លូវដែក​បាន​ទៀត​។

អាស្រ័យ​ហេតុនេះហើយ ក៏មាន​ការយកចិត្តទុកដាក់ នឹង​បានប្រគល់​ភារកិច្ច មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បើកផ្លូវ​នេះ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​តែម្តង​។

សូមបញ្ជាក់ថា ទន្ទឹមនឹង​ការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើផ្លូវរថភ្លើង​នេះ អាជ្ញាធរ​រាជធានី គិតថាត្រូវ​ដោះស្រាយ​ផលប៉ះពាល់ ប្រជាពលរដ្ឋ ដោយ​គ្មាន​ការជម្លៀស ប្រជាពលរដ្ឋ​ចេញ ឬក៏​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចាក​ចេញពី​តំបន់​នេះ ទៅ​កន្លែង​ផ្សេង​ទេ គឺ​ខិតខំ​ដោះស្រាយ នៅនឹងកន្លែង ដើម្បី​បង្កលក្ខណៈ ឲ្យ​ប្រជាពលរដ្ឋ បានរស់នៅ​ជាធម្មតា និង​ផ្តល់​សិទ្ធិ​កាន់កាប់ ស្របច្បាប់ ជូន​ពួកគាត់​តែម្តង ហើយ​អាជ្ញាធរ គឺមាន​ភារកិច្ច​តែមួយគត់ ការធ្វើ​លូ ផ្លូវ ប្រព័ន្ធ​ទឹក ភ្លើង ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ជាពិសេស​ដោះស្រាយ បញ្ហា​អនាម័យ សំរាម បរិស្ថាន ហើយ​តំបន់​នេះ បើសិន​ជាមាន​បញ្ហាគ្រោះ​អគ្គិភ័យកើតឡើង មិនមាន​ផ្លូវ​ណា អាច​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ ចូល​ជួយ​បានឡើយ ដូច្នេះ​ក្នុងនាម​ជា​អាជ្ញាធរ ត្រូវតែ​ដោះស្រាយ​ផ្លូវ​នេះ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​កំពុង​រស់នៅ​លើផ្លូវរ​ថ​ភ្លើង​នោះ បាន​សម្តែងការអបអរសាទរ និង​ជំរុញ ចំពោះ​ចំណាត់ការ​របស់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ស្ថាបនា​ផ្លូវដែក​នេះ ទៅជា​ផ្លូវ​បេតុង ដ៏​ស្រស់ស្អាត និង​អភិវឌ្ឍន៍ ឲ្យ​បាន​កាន់តែ​ឆាប់កាន់តែ​ល្អ ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​របស់​ពួកគាត់ ដែល​កំពុង​កើតមានសព្វថ្ងៃ​៕