(ភ្នំពេញ)៖ បុរសជាពូមានវ័យដល់ទៅ៣៣ឆ្នាំ បែរជាមកបង្ខំ ក្មួយស្រីមានវ័យទើបតែ១១ឆ្នាំ ដើម្បីរំលោភ រហូតបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៤ដង តែលទ្ធផលចុងត្រូវម្ដាយ​របស់ក្មេងស្រីប្ដឹង​នគរបាលប៉ុស្ដិ៍កោះដាច់ ខណ្ឌជ្រោយចង្វារ ឲ្យវាយខ្នោះភ្លាមៗតែម្ដង។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការឃាត់ខ្លួនបុរសជាពូ ដែលរំលោភក្មួយស្រីរបស់ខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុចក្នុង​ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បន្ទាប់ពីសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងរបស់ស្រ្តីជាម្តាយ។

ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់បានឃើញកូនស្រីរបស់ខ្លួន មានអាការៈស្លេកស្លាំងយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទើបសួរនាំក្រែងកូនឈឺថ្កាត់ ស្រាប់តែបែកធ្លាយរឿង បុរសជាប្អូនថ្លៃ​និងត្រូវជាពូ ដែលមានប្រពន្ធកូនហើយនោះ  បានបង្ខំរំលោភ​លើរូបនាង​បានសម្រេចជាបន្តបន្ទាប់​ដល់ទៅ៤ដង ហើយស្ត្រីជាម្ដាយ​ក៏សម្រេចចិត្តប្ដឹងទៅ នគរបាលមូលដ្ឋានប៉ុស្ដិ៍កោះដាច់​​ខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ រហូតឈានទៅឃាត់​ខ្លួនបុរសជាពូ ដែលល្មោភកាមសូម្បីក្មួយ​ស្រីខ្លួន​ឯងអាយុទើប​តែ១១ឆ្នាំក៏មិនលើកលែង។

អធិការរងដដែលបានឲ្យដឹងថា ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ស៉ឹម ម៉ុក អាយុ៣៣ឆ្នាំ មុខរបរជាអ្នកនេសាទ ដែលមានទាំង​ប្រពន្ធនិងកូនថែមទៀតផង។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ថ.ស.ធ.រ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាក្បាលកោះ និងជាក្មេងកំព្រា គ្មានឪពុក ដោយស្នាក់នៅជាម្ដាយឈ្មោះ ស.ធ.រ អាយុ៣២ឆ្នាំ មុខរបរជាកសិករ។ជនសង្ស័យ​និងជនរងគ្រោះ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបញ្ជូនមកសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំ​រឿងចាត់ការតាម​និតិវិធីច្បាប់៕