(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Chalermchai Sittisad អគ្គមេបញ្ជាការកងទ័ពថៃថា ទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ គឺជារឿងមាន​សារៈសំ​ខាន់​​មួយមិនអាចខ្វះបាន ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កុំឲ្យរីករាលដាល់ប៉ះពាល់ដល់វិស័យផ្សេងៗ។

ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក Chalermchai Sittisad ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោ អំពីការជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើកិច្ចការព្រំដែន ដើម្បីជំរុញឲ្យមានភាព​ល្អប្រសើរ រីកចម្រើន និងអភិវឌ្ឍន៍កាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរផង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវការជំរុញទំនាក់ទំនងល្អ នៃកងទ័ពទាំងពីរ។ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរគឺមានសារៈ​សំខាន់ណាស់។ ព្រោះថាសព្វថ្ងៃនេះ គឺកងទ័ពនៃប្រទេសយើងទាំងពីរបានដើរតួនាទីជាអ្នកការទូតផងដែរ ហើយប្រសិនមានរឿង ឬបញ្ហាអ្វីនោះ គឺយើងសម្រុះសម្រួល រួមគ្នាដោះស្រាយដោយសន្តិវិធី ដើម្បីកុំឲ្យរីករាលដាលពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ឬ ក៏រីករាលដាល ទៅកាន់វិស័យផ្សេងៗទៀត»

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្តឲ្យកងទ័ពប្រទេសទាំងពីរបន្តកិច្ចពិភាក្សា និងសហការគ្នា ដើម្បីផលប្រយោជន៍នៃប្រជាជាតិប្រទេសទាំងពីរ។

សូមរំលឹកថា កាលពីឆ្នាំ២០០៨កន្លងទៅនេះ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការប៉ះទង្គិចបានកើតមានឡើង បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់ជាសម្បត្តិមនុស្សជាតិពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

បញ្ហាព្រំដែនប្រទេសទាំងពីរបានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានបកស្រាយសាលដីការឡើង វិញបញ្ជាក់ថា ប្រាសាទព្រះវិហារ រួមនិងដីតំបន់ជុំវិញនោះជារបស់ខ្មែរ និងបញ្ជាឲ្យកងទ័ពប្រទេសទាំងពីរដកខ្លួនចេញពីតំបន់ព្រំដែន និងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ២០១៣មក៕