(ភ្នំពេញ)៖ វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ក្នុងនាមក្រសួងសុខាភិបាល​ និងក្នុងនាមរូបលោកផ្ទាល់​ គោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ជូនរាជរដ្ឋាភិបាល​ រដ្ឋសភា​ និងព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានអនុម័តលើ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលក្នុងពេលថ្មីៗនេះ​ ដែលច្បាប់នេះ​ ជាយានដ៏សំខាន់ប្រើប្រាស់សម្រាប់យន្តការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវ:សុខាភិបាលនៅទូទាំងប្រទេស​។​

ការអនុវត្តច្បាប់នេះ​ នឹងចូលរួមចំណែកក្នុងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាកំណែទម្រង់នៅក្នុងវិស័យសុខាភិបាលផងដែរ។​ ក្រសួងកំពុងណែនាំនិង ដាក់ឲ្យអនុវត្តដោយម៉ឹងម៉ាត់នូវច្បាប់នេះ នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: និងឯកជននៅទូទាំងប្រទេស​ ដោយតម្រួវឲ្យអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលទាំងអស់ ស្វែងយល់ចូលរួមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនៅក្នុងវិជ្ជាជីវ:របស់ខ្លូន​ ព្រមទាំងច្បាប់​ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងទៀតដែលមានជាធរមាន​ក៏ត្រូវអនុវត្តឲ្យបាន ល្អប្រសើរផងដែរ​ ដើម្បីចូលរួមចំណែកក្នុងការធានាបាននូវក្រមសីលធ៌មវិជ្ជាជីវ:ផង​ គុណវឌ្ឍ​ សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវ:សុខាភិបាលផង​។​

ជាមួយគ្នានេះ​ក្រសួងសុខាភិបាល​ សូមអំពាវនាវដល់ស្ថាប័ន​ ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់​ចូលរួមអនុវត្តច្បាប់នេះឲ្យបានគ្រប់ៗគ្នា​ប្រកបដោយ ប្រសិទ្ធភាពខ្ពស់សំដៅពង្រឹងទំនុកចិត្តរវាងអ្នកប្រើប្រាស់សេវា​ និងអ្នកផ្តល់សេវាសុខាភិបាល៕