(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំពិធីទទួលកៅស៊ូបេទីម AC ទុកសម្រាប់អ៊ុតលើផ្លូវចំនួន ៩ខ្សែ ដែលមានផ្ទៃក្រឡាសរុប ៥២,៤៥៨ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីកែលម្អសោភ័ណភាព និងភាពស្រស់បំព្រង រួមចំណែកការប្រឡងប្រណាំងទីក្រុងស្អាត។

កិច្ចការខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការសាងសង់សួនច្បារ នៅចំណុចច្រមុះជ្រូករូបសឹង្ហ ស្ថិតនៅភូមិសួនថ្មី សង្កាត់សង្ឃ័រ ការដាក់ភ្លើងស្តុបនៅតាមដងផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងស្វាយរៀង។

ទន្ទឹមនេះតាមរយៈថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០១៦ រដ្ឋបាលខេត្ត ក៏បានធ្វើការជួសជុលផ្លូវអ៊ុតបេទីម AC ចំនួន ៩ខ្សែ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីធ្វើការកែលម្អសោភ័ណភាព និងភាពស្រស់បំព្រង ចូលរួមចំណែកការប្រឡងប្រណាំងទីក្រុងស្អាត រួមមាន៖   

១.ផ្លូវលេខ៣១៤ ចាប់ពីក្បាលស្ពានតាហោរ ទៅកើតដល់ផ្លូវហាយវ៉េសួនច្រមុះជ្រូក ប្រវែង ៣,៣៩៨ម៉ែត្រ មានផ្ទៃក្រឡា ២៣,៩៧៥ម៉ែត្រការ៉េ។

២.ផ្លូវលេខ១២០ ចាប់ពីខាងលិចមន្ទីរបក្សខេត្ត ទៅកើតទល់ផ្លូវលេខ២០១ (ទំនប់តាណេង) ប្រវែង ១៩៣ម៉ែត្រ មានផ្ទៃក្រឡា ១,២៤៨.៥ម៉ែត្រការ៉េ។

៣.ផ្លូវលេខ១២១ ចាប់ពីផ្លូវលេខ ២០៣ ជ្រុងខាងត្បូងឈៀងខាងលិចសួនកុមារខេត្ត ទៅកើតទល់ផ្លូវ២០១A មុខមន្ទីរសេដ្ឋកិច្ចខេត្ត ប្រវែង ២០៧ម៉ែត្រ មានផ្ទៃក្រឡា ១,២៦៥ម៉ែត្រការ៉េ។

៤.ផ្លូវលេខ២០២ ចាប់ពីផ្លូវលេខ ១២០ មុខមន្ទីរបក្សខេត្តទៅត្បូងទល់នឹងផ្លូវលេខ១១៤ ប្រវែង ១៩៨.៥ម៉ែត្រ មានផ្ទៃក្រឡា ១,១៥៨.៥ម៉ែត្រការ៉េ។

៥.ផ្លូវលេខ១៣ ចាប់ពីផ្លូវលេខ ៣១៤ មកទល់ផ្លូវជាតិលេខ១ (ហាយវ៉េ) ប្រវែង ៩៧៥ម៉ែត្រ មានផ្ទៃក្រឡា ៥,៩៣៩ម៉ែត្រ។

៦.ផ្លូវលេខ២០៤ ចាប់ពីខាងត្បូងរង្វង់មូលស្រះវង់ទៅទល់នឹងផ្លូវលេខ១១៩ ប្រវែង ៥១២ម៉ែត្រ មានផ្ទៃក្រឡា ២,៩១៣ម៉ែត្រ។

៧.ផ្លូវលេខ១០៨ ចាប់ពីផ្លូវលេខ២០៤ ទៅលិចទល់នឹងផ្លូវលេខ២០៨ ប្រវែង ៣៤៦ម៉ែត្រ មានផ្ទៃក្រឡា ១,៩៨៥ម៉ែត្រ។

៨.កំណាត់ផ្លូវខាងជើងសួនរទេះគោសាលាស្រុក ផ្លូវលេខ៣១៥ ចាប់ពីផ្លូវជាតិលេខ១ ប្រវែង ១,៥៨១ម៉ែត្រ មានផ្ទៃក្រឡា ១០,៥៩២ម៉ែត្រ។

៩.ផ្លូវក្នុងបរិវេណសាលាខេត្ត មានផ្ទៃក្រឡា ៣,៣៩២ម៉ែត្រ។

ការងារដ៏ល្អនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០១៥-២០១៩ កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលខេត្ត ២០១៦-២០១៨ និងគម្រោងវិនិយោគខេត្ត ឆ្នាំ២០១៦ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ដោយឡែក ចំពោះផ្លូវជនបទនៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់មួយចំនួន ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នារដូវវស្សា ឆ្នាំ២០១៦ កន្លងមកនេះ អាជ្ញាធរខេត្តក៏មានការគិតគូរធ្វើការជួសជុលឡើងវិញផងដែរ៕