(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសមួយ ដោយឱ្យស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី និងសារព័ត៌មានទាំងអស់ ផ្អាកផ្សាយស្ប៉តពាណិជ្ជកម្មនៃផលិតផលកាហ្វេរបស់ក្រុមហ៊ុន ស៊ិន វ៉េងយូ។

លិខិតរបស់ក្រសួងព័ត៌មាន បានសរសេរថា «កន្លងទៅថ្មីៗនេះ ក្រុមការងារផ្នែកតាមដានវាយតម្លៃ អនុលោមភាពស្ប៉តផ្សាយពាណិជ្ជកម្ម ផលិតផលទំនិញ និងសេវាកម្មរបស់ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញភាពមិនប្រក្រតី នៃការផ្សាយស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ិន វេងយូ មានលក្ខណៈអូសទាញ បំភាន់ ឬពង្វាក់ការពិត ធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ ដើម្បីបោកបញ្ឆោតមហាជនឱ្យគាំទ្រ និងប្រើប្រាស់ផលិតផលទំនិញ របស់ខ្លួនតាមបណ្តាញ ផ្សព្វផ្សាយនានា ដោយអួតអាងថា មានតែផលិតផលកាហ្វេ របស់ខ្លួនតែមួយគត់ ដែលមិនមានសារធាតុគីមី រីឯកាហ្វេផ្សេងទៀត (កាហ្វេរតនគិរី កាហ្វេស្ទឹងត្រែង កាហ្វេអង្គរវត្ត) សុទ្ធតែជាកាហ្វេគីមី»

ក្រសួងព័ត៌មាន បានចាត់ទុកថា ការផ្សាយស្ប៉តពាណិជ្ជកម្មបែបនេះ គឺជាសកម្មភាពល្មើសច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមធម៌ នៃការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសទីផ្សារប្រកួតប្រជែងមានភាពច្របូកច្របល់ បាត់សណ្តាប់ធ្នាប់ មិនអាចគ្រប់គ្រងបាន ជាពិសេសលើវិស័យធុរកិច្ច និងវិនិយោដូចគ្នារបស់ក្រុមហ៊ុនជាតិ និងក្រុមហ៊ុនអន្តរជាតិល្បីៗ ដែលកំពុងធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចឱ្យផ្អាកការផ្សាយស្ពតពាណិជ្ជកម្មនេះ ដើម្បីទុកពេលឱ្យស្ថាប័នមានសមត្ថកិច្ច មានចំណាត់ការទៅតាមនីតិវិធីច្បាប់៕