(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់  រដ្ឋមន្រី្តក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ CHHALENCHHAY SITHYSATH អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ ជំនួបនោះផ្តោតលើកិច្ចពង្រីកទំនាក់ទំនង នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីប្រែក្លាយតំបន់នេះ ទៅជាតំបន់សន្តិភាព និងមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា។

ជំនួបពិភាក្សាខាងលើនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានទទួលស្វាគមន៍ គណៈប្រតិភូថៃ ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ CHHALENCHHAY SITHYSATH យ៉ាងជិតស្និទ និងបានពិគ្រោះពិភាក្សាគ្នាយ៉ាងផុសផុលផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាផ្តោតយ៉ាងសំខាន់ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍តំបន់ព្រំដែន ឲ្យកាន់តែរីកចំរើនខ្លាំងក្លា ថែមទៀត៕