(ភ្នំពេញ)៖ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកអំណោយជា បច្ច័យចំនួន១ម៉ឺនដុល្លារអាមេរិក មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងការបន្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅទូទាំងប្រទេស។

ព្រះតេជគុណ គឹម វ៉ើង ព្រះចៅអធិការស្តីទី វត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) មានសង្ឃដីកាថា ការប្រគល់បច្ច័យចំនួន១ម៉ឺនដុល្លារអាមេរិក ក៏ដើម្បីឧទ្ទិសកុសលប្រគេនដល់ ដួងវិញ្ញាណក្ខន្ធ ព្រះមុនីកោសល កិត្តិបណ្ឌិត ហ៊ុល សុវណ្ណអតីត ព្រះចៅអធិការវត្តដែលទើបអនិច្ចធម្មថ្មីៗ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំពរជ័យពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនចំពោះ ព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ-ឆ្វេង គណៈកម្មការវត្តនិងពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងអស់ សូមមានសុខភាពល្អ និងបន្តបំពេញបេសកកម្មទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឱ្យបានរុងរឿងយូរអង្វែង តទៅ។

 លោកស្រី បានបន្ថែមឲ្យដឹងថា បច្ច័យទាំងនេះ ជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លា ដើម្បីកាកបាទក្រហមកម្ពុជា ចាត់ចែងជាប្រយោជន៍ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ហើយសូមឱ្យកុសលទាំងនេះ បានដល់ ដួងវិញ្ញាណក្ខន្ធ ព្រះមុនីកោសល កិត្តិបណ្ឌិត ហ៊ុល សុវណ្ណ បាននិមន្តទៅកាន់ទីដ៏ខ្ពង់ខ្ពស់កុំបីអាក់ខានឡើយ។

សូមបញ្ជាក់ថា វត្តទួលសុវណ្ណារាម ធ្លាប់បានផ្តល់អំណោយជា សម្ភារៈ និងថវិកា ជូនកាកបាទក្រហមកម្ពុជា បានចំនួន ១៨លើក រួចមកហើយគិតតាំងពីឆ្នាំ ២០០៥មក ហើយថ្ងៃនេះ ជាលើកទី ១៩ ៕