(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ក្រើនរំលឹកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ឲ្យរួមគ្នាប្រើប្រាស់ទឹកមានសុវត្ថិភាព ដោយការដាំឲ្យឆ្អិន ឬដោយចម្រោះឲ្យបានត្រឹមត្រូវ ហើយមិនត្រូវគិតថា ​ទឹកថ្លា គ្មានក្លិន គ្មានពណ៌ ដែលប្រជាពលរដ្ឋខ្លះគ្រាន់តែដងពីអណ្តូងមកភ្លាមៗនោះ មិនទាន់ចាត់ទុកថាជាទឹកមានសុវត្ថិភាពទេ ពោលគឺ មិនទាន់អាចបរិភោគបាននៅឡើយ។

ការក្រើនរំលឹកបែបនេះ ត្រូវបានធ្វើឡើង ​ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងបទបង្ហាញទៅកាន់ប្រជាពលរដ្ឋភូមិរហាល និងភូមិស្រះស្រង់ខាងជើង ក្នុងកម្មវិធីផ្សព្វផ្សាយអំពី «វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ»

​លោក មាន់ ផានិត ដែលជាគ្រូបង្គោលនៃកម្មវិធីនេះ លើកឡើងថា ការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពត្រឹមត្រូវនឹងជំរុញឲ្យមានជំងឺរាករូស ចុះក្អួត រ៉ាំរ៉ៃ និងរហូតដល់ជំងឺមហារីកទៀតផង ជាពិសេស ចំពោះកូនក្មេង និងមនុស្សចាស់ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែនាំគ្នាប្រើប្រាស់ទឹកដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីសុខភាព សេចក្តីសុខក្នុងគ្រួសារទាំងមូល។

​គ្រូបង្គោល បន្ថែមថា ដើម្បីឲ្យទឹកមានសុវត្ថិភាពត្រឹមត្រូវ គេត្រូវធ្វើវិធីបន្សុទ្ធទឹក រក្សាទឹកទុកឲ្យបានត្រឹមត្រូវ វិធីបន្សុទ្ធទឹកគេអាចធ្វើតាមរយៈ ការដាំទឹកឲ្យពុះរយៈពេល ១នាទីទៅ៥នាទី ឬអាចច្រកដបទៅហាលកំដៅថ្ងៃឲ្យបាន៦ម៉ោង យ៉ាងតិចទើបអាចប្រើប្រាស់បាន។ ក្រៅពីនេះ គេអាចប្រើប្រាស់ទឹកមានសុវត្ថិភាពបានតាមរយៈ ការប្រើប្រាស់ធុងចម្រោះទឹកត្រឹមត្រូវ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះ បញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយអំពី វិធីសាស្រ្តបន្សុទ្ធទឹក និងរក្សាទឹកឲ្យមានសុវត្ថិភាព ដើម្បីប្រើប្រាស់ក្នុងគ្រួសារ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការ រវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង។ លោកថា​ បច្ចុប្បន្ន គម្រោងនេះកំពុងតែបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ ហើយគ្រោងនឹងបន្តទៅកាន់ភូមិដទៃទៀត រហូតគ្រប់ទាំង១១២ភូមិ ក្នុងឧទ្យានអង្គរទាំងមូល៕