(ភ្នំពេញ)៖ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានរៀបចំសន្និបាតលើកទី២ ស្តីពី «ភាពល្អឥតខ្ចោះ ក្នុងវិស័យទន្តសាស្រ្តរបស់រំចង់» Roomchang Excellence in Dentistry រយៈពេល២ថ្ងៃ នៅសណ្ឋាគារក្រវ៉ាន់ ដែលមានសិក្ខាកាមជាទន្តបណ្ឌិត ទន្តនិស្សិត ជំនួយការទន្តពេទ្យចូលរួមចំនួន៩០នាក់។

កម្មវិធីនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការធ្វើបទបង្ហាញចែករំលែកនូវអ្វី ដែលក្រុមទន្តបណ្ឌិត រំចង់ បានកំពុងនឹងអនុវត្តប្រកបដោយ ភាពជោគជ័យតាមការសិក្សាស្រាវជ្រាវ ដោយឥតឈប់ឈរ ក្នុងវិស័យទន្តសាស្រ្ត និងជាការប្រកួតប្រជែង សេវាទន្តសាស្រ្តក្នុងតំបន់ ដើម្បីអូសទាញទេសចរណ៍ ជុំវិញពិភពលោក មកទស្សនាកម្ពុជា និងទទួលសេវាទន្តសាស្រ្តផងដែរ។

ទន្តបណ្ឌិត ទិត ហុងយឺ អគ្គនាយកមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានឲ្យដឹងថា រំចង់បាននឹងកំពុងបម្រើសេវាទន្តសាស្រ្តទូទៅ និងឯកទេសជំនាញជូនអតិថិជនជាតិ និងអន្តរជាតិអស់រយៈពេលជាង២១ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៦ មកម៉្លេះ ហើយភាពជោគជ័យ និងរីកចម្រើនរបស់ រំចង់ សព្វថ្ងៃគឺបានមកពីការខិតខំប្រឹងប្រែង ជាមួយនឹងទស្សនៈវិស័យយូរអង្វែង របស់ក្រុមទន្តបណ្ឌិត និងបុគ្គលិក រំចង់ ដែលបានធ្វើឲ្យអតិថិជនជាតិ និងអន្តរជាតិមានទំនុកចិត្ត និងតែងតែបន្តគាំទ្រ ដោយចាត់ទុក រំចង់ ជាមន្ទីរពេទ្យធ្មេញដ៏ល្អប្រចាំគ្រួសារ និងជាទីប្រឹក្សាផ្នែកទន្តសាស្រ្តជាទីទុកចិត្តបំផុត។

លោកទន្តបណ្ឌិត សង្ឃឹមថាការចែករំលែកនូវបទពិសោធន៍ តាមរយៈការធ្វើបទបង្ហាញ និងធ្វើឲ្យទន្តបណ្ឌិត និងទន្តនិស្សិតទាំងអស់ ដែលបានចូលរួម ក្នុងសន្និបាតនេះទទួលបាននូវគំនិត និងបទពិសោធន៍ល្អៗ ជាប្រយោជន៍ ក្នុងការអភិវឌ្ឍវិស័យទន្តសាស្រ្តនៅកម្ពុជា និងប្រជាជនយើង និងបានថ្លែងអំណរគុណដល់អតិថិជន ជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងប្រើប្រាស់សេវាពេទ្យធ្មេញ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់៕