(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលគរុកោសល្សភូមិភាគរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ មានការបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីចំណេះដឹងមូលដ្ឋានអំពី «សុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់»។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានកាំកុងត្រូលនិងក្រសួងអប់រំ យុវជន និងកីឡា។

វគ្គបណ្តុះបណ្តាលគរុនិស្សិតនេះ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចយុទ្ធសាស្ត្របញ្ជ្រាប​ចំណេះ​ដឹងអំពី «សុវត្ថិភាពចំណីអាហារ និងកិច្ចពារអ្នកប្រើប្រាស់» ដល់មន្ត្រីរាជការ អាជ្ញាធរ គ្រប់ស្រុកខណ្ឌ ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារមកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ការបណ្តុះបណ្តាលចំណេះដឹង ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើ​ប្រាស់» នៅពេលនេះមានសារសំខាន់ណាស់ ពីព្រោះថា គរុនិសិត្សទាំងអស់ដែលជាអនាគតគ្រូបង្រៀនទាំងនេះ ត្រូវមានចំណេះដឹងមូលដ្ឋានលើគ្រប់វិស័យ សំរាប់ចែករំលែកដល់សិស្សរបស់គាត់ ក្នុងនោះ «សុវត្ថិភាពម្ហូបអាហារ» និង «ការរួមគ្នាទទួលខុសត្រូវ» ក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ គឺជាកត្តាចាំបាច់។

 លោកបន្តថា មានមតិជាច្រើនយល់ថា ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ»  គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ស្ថាប័នជំនាញ។ ផ្ទុយទៅវិញ វាជាការទទួលខុសត្រូវរួមគ្នា ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ។

បើយោងទៅតាម បទឧទ្ទេសនាមរបស់គ្រូបង្គោលរូបនេះ កត្តាដែលបង្កអោយមានគ្រោះថ្នាក់ដែលកើតមានក្នុងចំណីអាហារ និងធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់មានជាអាទិ៍ដូចជា ពពួកអតិសុខុមប្រាណ, សារធាតុគីមីខុសច្បាប់ដែលលបលួចដាក់ក្នុងចំណីអាហារ, សំណល់ថ្នាំឬសារធាតុគីមីដែលនៅសល់ក្នុងសាច់សាច់ឬបន្លែផ្លែឈើ, សារធាតុពុលពីធម្មជាតិ, អង្គធាតុជារូបវ័ន្តមួយចំនួន, ។ល។និង។

ដោយឡែកលក្ខណ្ឌមួយចំនួន ដែលធ្វើឲ្យបាក់តេរីលូតលាស់ក្នុងចំណីអាហារ និងបង្កបញ្ហាដល់សុខភាព មានដូចជា កំរិត pH, សំណើម, សីត្ហភាព, ពេលវេលា, អុកស៊ីហ្សែន ជាដើមចម។

លោក ខៀវ បញ្ញាវឌ្ឍន៍ បានធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ទាំងអស់ សូមមេត្តាស្វែងយល់អំពីចំណេះដឹងមូលដ្ឋាននេះ ឲ្យបានទូលំទូលាយចៀសវាងការព្រួយបារម្ភហួសហេតុពេក រហូតប្រាកចាកវិទ្យាសាស្ត្រម្ហូមអាហារ។

លោកបន្តថា ដូចអ្វីដែលលោកបានលើកយកមកបង្ហាញក្នុងបទឧទ្ទេសនាមដូច្នេះដែរ គឺថា មានកត្តាជាច្រើនដែលធ្វើឲ្យម្ហូបអាហារបាត់បង់សុវត្ថិភាព ក្នុងនោះរួមបញ្ចូលកត្តាមនុស្ស ខ្លួនយើងដែលជាអ្នកប្រើប្រាស់ផងដែរ។

លោកបញ្ជាក់យ៉ាងមត់មាំថា ការធ្វើពិសោធន៍តាមការនឹកឃើញ ដោយពុំមានលក្ខណៈវិទ្យាសាស្ត ឬការប្រើឧបករណ៍ដែលគ្រាន់តែវាស់រកកំរិតសារធាតុណាមួយតែមួយមុខក្នុងម្ហូបអាហារណាមួយនោះ ហើយធ្វើការបកស្រាយតាមអារម្មណ៍យល់ឃើញ ពុំអាចយកជាការបានទេ។ មានតែលទ្ធផលពីមន្ទីរពិសោធន៍ដែលមានស្តង់ដារ មានការទទួលស្គាល់ពីរដ្ឋាភិបាល ឬកំរិតអន្តរជាតិប៉ុណ្ណោះ ដែលអាចយកជាសក្ខីកម្មនិងចាត់ការតាមនិតិវិធី(ផ្លូវច្បាប់)បាន៕