(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងជីវិតរបស់លោក។ លោកចងឃើញវិស័យ កសិកម្មនៅកម្ពុជា មានការប្រែប្រួល។

លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងយ៉ាងដូច្នោះ នៅក្នុងពិធី វេទិកានៃអង្គការមិនមែន រដ្ឋាភិបាល ស្តីពីកម្ពុជា រួមជាមួយអង្គការសមាជិកនិងដៃគូ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី «ច្បាប់ដីកសិកម្ម» ដែលបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់២០ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធឺកុងទីណង់ថលភ្នំពេញ ដែលមានអ្នក ចូលរួមប្រមាណ ២៦០ នាក់ និងមកពីស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការសហប្រជាជាតិ ផ្នែកឯកជន និងសហគមន៍។

លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មបានថ្លែងឲ្យដឹងថា «ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំចងឃើញវិស័យកសិកម្មមានការប្រែប្រួល តាមរយៈរៀបចំ បែបបទ ទៅតាមការគ្រប់គ្រងវិស័យកសិកម្មនេះ ស្របតាមបច្ចេកទេសពិតប្រាកដ»

លោកបន្តថា ប្រទេសកម្ពុជាត្រូវទទួលស្គាល់ថា ជាប្រទេសដែលមានគ្រឹះសេដ្ឋកិច្ចពឹងផែ្អក លើវិស័យកសិកម្ម តាមការសិក្សាស្រាវជ្រាវ កន្លងមកបានវាយតម្លៃថា ដីនៅប្រទេសកម្ពុជាប្រមាណ ២៨ភាគរយ មានសក្ដានុពលខាងផ្នែកកសិកម្ម មានជីវជាតិខ្ពស់១៩ភាគរយ មានសក្ដានុពលមធ្យម និង៥៣ភាគរយ មានសក្ដានុពលទាប។

លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបន្ថែមទៀតថា ម្យ៉ាងទៀតកត្តាដែលនាំឲ្យមានការខូចខាតដល់ទំហំដី និងធនធានដីកសិកម្មនាពេល បច្ចុប្បន្ននេះ រួមមានការប្រើប្រាស់បច្ចេសទេសមិនសមស្របនាៗ ក្នុងផលិកម្មកសិកម្មការខ្វះជន្លះ ក្នុងការគ្រប់គ្រងកាកសំណល់ ការមិនទាន់ មានការបែងចែករវាងដីដែលត្រួវប្រើប្រាស់ ក្នុងផលិតកម្មកសិកម្ម រឺការកំណត់ភូមិសាស្រ្តដី ទៅតាមសក្ដានុពល នៃប្រភេទដំណាំ និងដីសំរាប់គោលដៅ គោលបំណងក្រៅពីផលិតកម្មជាដើម។

គួរបញ្ជាក់ផងដែរថា លោក វេង សាខុន ទើបនឹងត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក អ៊ុក រ៉ាប៊ុន កាលពីខែមេសា កន្លងទៅនេះ។ លោកធ្លាប់បានបម្រើការងារនៅក្រសួងកសិកម្មអស់រយៈពេល ១១ឆ្នាំ មុននឹងផ្លាស់ទៅបម្រើការងារ នៅក្រសួងធនធានទឹក និង ឧតុនិយមរយៈពេលប្រមាណ ២០ឆ្នាំ៕