(មណ្ឌលគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យ រកទំនិញខូចគុណភាព តាមផ្ទះនានា នៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងបានធ្វើតេស្តរកសារធាតុគីមី ( BORAX ) នៅក្នុងនំបញ្ចុក លត ប្រហិតគ្រប់មុខតែលទ្ធផល មិនមានទេ ម្ហូបអាហារទាំងអស់។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការត្រួតពិនិត្យតាមផ្ទះលក់ ទំនិញនានានៅឃុំប៊ូស្រា ហើយរកឃើញ ដូចជា៖ ទឹកត្រី ទឹកក្រូច ទឹកម្ទេស មីកញ្ចប់ ដាក់លក់ហួសកាលបរិច្ឆេទ និងបានធ្វើការដកហូត យកទៅដុតកម្ទេចចោល។

ទន្ទឹមនឹងនេះក្រុមការងាររបស់លោក បានធ្វើការណែនាំដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យនិងការរៀបចំ ទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។ ក្រុមការងារក៏ បានធ្វើការណែនាំអាជីវករឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

 ក្រុមការងារក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋាន កាំកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើស ផលិតផលម្ហូបអាហារ មួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវមុខទំនិញណាមួយគួរប្រើប្រាស់និងមុខ ទំនិញណាមិនគួរប្រើប្រាស់៕