(កំពត)៖ ក្រុមការងាររបស់សហភាព ពលកម្មជាតិកម្ពុជា (NLC) ១ក្រុម បាននាំយកថវិកាសប្បុរសធម៌មួយចំនួន ប្រគល់ជូនសាលា បឋមសិក្សាចំការមន ស្ថិតនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដើម្បីជួសជុលបន្ទប់រៀន ក្នុងអគារសិក្សា១ខ្នង ដែលកំពុងចាស់ទ្រុឌទ្រោមខ្លាំង។

លោក សំ សឿន ប្រធាន NLC បានឱ្យដឹងថា ដោយព្រួយបារម្ភពីសុវត្ថិភាពសិស្សានិសិស្ស ក្នុងសាលាខាងលើ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ រូបលោកព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល NLC និងសប្បុរសជន បាននាំយកថវិការបស់សហជីពចំនួន ១,០០០,០០០រៀល ដើម្បីកសាង និងជួសជុលបន្ទប់សិក្សា ដែលកំពុងចាស់ទ្រុឌទ្រោម និងឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូម្នាក់ៗ ២០,០០០រៀល និងសម្ភារសិក្សាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន ១៣៥នាក់ ដែលកំពុងតែជួបការខ្វះខាត។

លោក សំ សឿន បានអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់សាលាបឋមសិក្សាចំការមននេះ បន្ថែមទៀត ដើម្បីរួមចំណែក លើកកម្ពស់វិស័យអប់រំ ក្នុងប្រទេសកម្ពុជា ហើយលោកបានសន្យាថា នឹងកៀរគររកថវិកាបន្ថែម ដើម្បីជួយកសាងដល់សាលាខាងលើនេះ ជាបន្តបន្ទាប់ទៀត នៅឆ្នាំ២០១៧ ខាងមុខ៕