(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស បញ្ជូនខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូង ដើម្បីសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌថ្មីមួយទៀត ដែលពាក់ព័ន្ធការលក់ដីខ្យល់ជាង៧ហិកតា ទៅឲ្យក្រុមហ៊ុនមួយ។

ភ្នាក់ងារ Fresh News ប្រចាំតុលាការលោក ជួន សុជាតិ បានរាយការណ៍ថា «ពេលបញ្ជូនមកដល់តុលាការនៅថ្ងៃនេះ ជនជាប់ចោទ មិនហ៊ឺហា ឡូយឆាយ ដូចពេលចាប់ខ្លួនដំបូងទេ លេងសុទ្ធតែអាវក្នុង ខោ ស្បែក ជើងប៊ូ វែនតាខ្មៅ ធ្វើឬកដូចមកថតខ្សែភាពយន្តតួកុនហូលីវូដនោះទេ។ តែមកតុលាការលើកនេះលោក ប៊ុន ស៊ីថា ពាក់ឯកសណ្ឋានជាទណ្ឌិតជន ខោអាវក្រហមលឿង ដៃជាប់ខ្នោះ ជិះឡានទ្រុងសំណាញ់ដែក ហើយក្រុមមន្រ្តីអនុរក្សយាមកាម តឹងប៉ែស»

ទោះបីយ៉ាងណា ការសាកសួរលោក ប៊ុន ស៊ីថា មិនមានប្រភពព័ត៌មានណាមួយ ផ្ដល់ភាពលម្អិតទេ ហើយរហូតដល់ម៉ោង១១និង៣០នាទីថ្ងៃដដែល ទើបមន្រ្តីអនុរក្សពន្ធនាគារ សម្រេចបញ្ជូនលោក ប៊ុន ស៊ីថា ឲ្យត្រឡប់ទៅពន្ធនាគារវិញ។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ បានចេញដីកាសម្រេចឃុំខ្លួនឧកញ៉ា ប៊ុន ស៊ីថា ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពី «បទឆបោក» មានទឹកប្រាក់ដល់ទៅ៩០ម៉ឺនដុល្លារ។

ក្រៅពីករណីឆបោកប្រាក់៩០ម៉ឺនដុល្លារខាងលើនេះលោក ប៊ុន ស៊ីថា នៅមានសំណុំរឿងរំលោភលើទំនុកចិត្ត២ករណីទៀត មានទឹកប្រាក់ជិត២លានដុល្លារ ដែលតុលាការកំពុងធ្វើការស៊ើបអង្កេតនៅឡើយ ហើយឥឡូវថែមរឿងដីធ្លីមួយសំណុំរឿងទៀត។

សូមបញ្ជាក់ថា ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួន លោកឧកញ៉ា គឺផ្តើមចេញពីលោកឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន (ស.ជ.ណ) មួយពីគណ:រដ្ឋមន្ត្រីឲ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះ នៅក្នុងបរិវេណតែមួយ។

ពេលឧកញ៉ាបាន (ស.ជ.ណ) ហើយឧកញ៉ាបានលក់(ស.ជ.ណ)នោះ ទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់៩០ម៉ឺនដុល្លារ។ ពេលលក់ (ស.ជ.ណ) ទៅឲ្យក្រុមហ៊ុន ហើយបានទទួលប្រាក់រួចហើយ តែ(ស.ជ.ណ)ទំនងមិនទាន់បានប្រគល់ឲ្យគេទេ ក្រោយមកក្រុមហ៊ុនមួយនោះទាមទារយក(ស.ជ.ណ) ក៏លេចឮព័ត៌មានថា លោកឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំបាត់ក្នុងទឹកប្រាក់ជាង១លានដុល្លារ ត្រង់ចំណុចនេះហើយបានជាក្រុមហ៊ុននោះប្តឹងលោកឧកញ៉ា ប៊ុន ស៊ីថា៕