(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៦នេះ បានចាប់ផ្តើមបើកយុទ្ធនាការបើកការដ្ឋាន​​ស្ថាបនាជួសជុល និងចាក់អ៊ុតកៅស៊ូ AC ផ្លូវចំនួន៦ខ្សែ មានប្រវែងសរុប៦.១៨២ម៉ែត្រ ទទឹងចាប់ពី៧ម៉ែត្រ ដល់១៥ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោក​ ដែលជាផ្នែកមួយស្ថិតក្នុងយុទ្ធនាការជួលជុល និងអ៊ុតកៅស៊ូផ្លូវចំនួន៥៧ខ្សែ ក្នុងខណ្ឌទាំង៩ ឲ្យរួចរាល់ក្នុងរយៈពេល៣ខែ។​

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានថ្លែងថា កន្លងមក គណៈអភិបាលរាជធានីភ្នំពេញ ជានិច្ចកាល​​តែងតែបានយកចិត្តទុកដាក់គិតគូពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងថ្ងៃនេះរដ្ឋបាលរាជធានី​ បានបើកការដ្ឋានជួសជុលកែលម្អផ្លូវចំនួន៦ខ្សែ ជាប្រភេទផ្លូវអ៊ុតកៅស៊ុបេទីមីណឺដែលមាន ៖ ផ្លូវលេខ៣៦៩ ចាប់ពីផ្លូវជាតិលេខ១ ដល់គីឡូម៉ែត្រលេខ៦​ ក្នុងខណ្ឌច្បារអំពៅ ផ្លូវលេខ៣៥៥ ចាប់ពីអង់តែនទួលគោក ដល់រង្វង់មូលកាំកូ ផ្លូវលេខ២៨៧ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៦០៨ ផ្លូវលេខ៦០៨​ ចាប់ពីផ្លូវលេខ៥៩៨ដល់ផ្លូវលេខ១៣២ ផ្លូវលេខ៦១៤ចាប់ពីផ្សារទួលគោក ដល់ផ្លូវ៦០៨ និងផ្លូវលេខ៦១៦ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ៦០៨។​

បើតាមលោក សាំ ពិសិដ្ឋ អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបើកយុទ្ធនាការជួលជុល និងអ៊ុតកៅស៊ូផ្លូវចំនួន៥៧ខ្សែក្នុងខណ្ឌទាំង៩ ដោយមាន​ក្រុមហ៊ុនចំនួន៦ រោងចក្រលាយកៅស៊ូចំនួន៦ ក្រុមអ៊ុតកៅស៊ូចំនួន១០ក្រុម អនុវត្តទាំងយប់ទាំងថ្ងៃ។ ដោយឡែកនៅក្នុងផែនការ ក៏នឹងមានគម្រោង​​ជួសជុលស្ថាបនាផ្លូវជាច្រើនខ្សែទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ស្របទៅតាម​កំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ។​ 

លោកបានបន្តថា «ផ្លូវមួយចំនួនក្នុងខណ្ឌទួលគោក គឺជាផ្លូវកៅស៊ូ ដែលបានស្ថាបនាជាយូរឆ្នាំមកហើយ និងជាទីតាំងដែលទទួល​រងនូវការលិចលង់​​យ៉ាងខ្លាំង នៅក្នុងរដូវវស្សា។ ឆ្លងតាមការប្រើប្រាស់រយៈពេលច្រើនឆ្នាំ ស្របពេលដែលមានការអភិវឌ្ឍ សំណង់អគារធំៗ និងសំណង់លំនៅដ្ឋាន តម្រូវ​ការតាមកំណើនប្រជាជន និងការរីកចម្រើនទីក្រុងនោះ ផ្លូវមួយចំនួននេះ មានភាពសិករេចរឹល ផតស្រុត ប្រេះបែកខូចគ្រឹះ មានជង្ហុក និងដក់ទឹកដោយ​កន្លែង ដែលទាមទារឲ្យធ្វើការជួសជុល និងថែទាំងខួប»។​

ក្នុងឱកាសនោះដែរ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅ​ សងខាងកំណាត់​ផ្លូវខាងលើ​ មេត្តា​​ចូលរួមសហការ​ និងផ្តល់លក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​ ដល់ក្រុមការងារ​ការដ្ឋានដើម្បី​ឲ្យការងារនេះ​ សម្រេចបាន​តាមផែនការ​ ដែលបាន​គ្រោង​​ទុកព្រមទាំង​សំណូមពរ​ឲ្យមានការយោគយល់​អធ្យាស្រ័យ​ចំពោះការរំខាន​ ដោយសកម្មភាពការដ្ឋាន។​​​

លោកអភិបាលរងសង្ឃឹមថា ក្រោយពីការស្ថាបនាកែលម្អផ្លូវនេះរួច នឹងអាចដោះស្រាយការកកស្ទះចរាចរធានាបាននូវសុវត្ថិភាពចរាចរ និងបើកបរគោរព​​ច្បាប់ចរាចរណ៍ ប្រកបដោយសុវត្ថិភាព។​

លោក ស៊ុយ សារិទ្ធ ក៏បានណែនាំទៅក្រុមហ៊ុនត្រូវស្ថាបនាផ្លូវទាំងនោះ ឲ្យស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាងការលួចកេងបន្លំខ្សាច់ ដែក និង​ស៊ីម៉ងត៍ដែលជាហេតុធ្វើឲ្យផ្លូវ មិនមានភាពជាប់ធន់រឹងមាំ និងមិនអាចប្រើបា្រស់បានយូរអង្វែង៕