(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនហ្គ្រីនដ្រេត ដែលជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនឈ្មោះ ក្រុមហ៊ុនផលិត និងនាំចេញអង្ករ ចំនួន១៨ក្រុមហ៊ុន ទៅឲ្យក្រុមហ៊ុនរដ្ឋរបស់ចិន COFCO ដើម្បីរៀបចំអនុវត្តការនាំចេញអង្ករ ទៅកាន់ប្រទេសចិន ដែលមានកូតា២០ម៉ឺនតោន ចុងឆ្នាំ២០១៧ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្គ្រីនដ្រេត រួមទាំងសមាជិកមួយចំនួនទៀត បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិភាក្សាការងារជាមួយ ក្រុមហ៊ុនចិន COFCO និងបានសម្រេចនូវឈ្មោះក្រុមហ៊ុនចំនួន១៨ ដែលមានសិទ្ធិក្នុងការអនុវត្តកូតា នាំចេញអង្ករទៅកាន់ប្រទេសចិន ដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍ដែលក្រុមហ៊ុនទាំងនោះ ធ្លាប់បាននាំចេញទៅកាន់ប្រទេសចិន និងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទាំង១៨នេះ សម្រាប់ក្រុមហ៊ុនដទៃទៀត ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ ដែលមានបំណងនាំចេញទៅប្រទេសចិន សូមទាក់ទងមកសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនហ្គ្រីនដ្រេត ឲ្យបានរួសរាន់។

យ៉ាងណាក៏ដោយលោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបដិសេធមិនបង្ហាញបញ្ជីឈ្មោះ ក្រុមហ៊ុនទាំង១៨ ដែលមានសិទ្ធិនាំចេញទៅប្រទេសចិននោះ ដោយលោកអះអាងថា ជាការងារសម្ងាត់របស់ក្រសួង។

ជាមួយគ្នានេះដែរ លោកបានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងសម្រេចបានកូតា នាំចេញអង្ករ២០ម៉ឺនតោន ទៅកាន់ប្រទេសចិន ខណៈដែលទិន្នផលស្រូវកម្ពុជា នៅឆ្នាំ២០១៦នេះ ទទួលបានច្រើនជាងឆ្នាំមុនៗ ហើយក្រុមហ៊ុននាំចេញអង្ករ របស់កម្ពុជាសុទ្ធមានបទពិសោធន៍ នាំចេញទៅប្រទេសចិន។

លោក មូល សារិទ្ធី បានបញ្ជាក់ថា អង្ករដែលជាតម្រូវការរបស់ប្រទេសចិន ជាអង្ករក្រអូប និងអង្ករស ហើយអង្ករក្រអូបដែលចិនចង់បាន គឺប្រភេទអង្ករសែនក្រអូប និងអង្ករសធម្មតា។ យ៉ាងណាក៏ដោយ បញ្ហាសំខាន់ដែលជាឧបសគ្គរបស់កម្ពុជា នៅចេញទៅចិន គឺមានតែបញ្ហាតម្លៃមួយប៉ុណ្ណោះ ចំពោះបញ្ហាបរិមាណ និងគុណភាព កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់។

ប្រទេសចិន ជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា ជាក់ស្តែងនៅ១១ខែឆ្នាំ២០១៦ អង្កររបស់កម្ពុជាជាង១០ម៉ឺនតោន ត្រូវបាននាំចេញទៅប្រទេសចិន ច្រើនជាងបំផុតបើប្រៀបធៀបនិងប្រទេសផ្សេងៗ។

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៉ី ជិនពីង មកកម្ពុជានោះ កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចេញអង្ករចំនួន ២០ម៉ឺនតោនទៅកាន់ប្រទេសចិន៕